CamNews

ព័ត៌មានជាតិ 

ទារិកា និង ទារកភ្លោះ៣ លើកទី ២៩៩ ទទួលអំណោយសប្បុរសធម៌ របស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត

(ភ្នំពេញ)៖ កូនភ្លោះ៣នាក់ ប្រសូត្រក្នុងគ្រួសារក្រីក្រកំពុង សំរាកព្យាបាលថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលត្រូវជាចៅៗ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ទទួល​អំណោយដ៏សប្បុរសធម៌ របស់​សម្តេចទាំង២ រួមមានទឹក​ប្រាក់៤លានរៀល អង្ករ២០០គីឡូក្រាម ទឹក​ដោះគោ​២កេះ សារុង​២ និងក្រម៉ា២ផងដែរ។

លោក សេង ទៀង ជំនួយ​ការ​ផ្ទាល់ ​សម្តេច​តេ​ជោ​​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃកម្ពុជា បាន​នាំយក​អំណោយដ៏សប្បុរធម៌ទាំងអស់​នេះ ទៅចែកជូន​ផ្ទាល់​​ដៃ​ដល់គ្រួសសារកូនភ្លោះ កំពុងសំរាក់ថែទាំ​សុខ​ភាព​ នៅមន្ទីពេទ្យកាលម៉ែត្រ នៅព្រឹក​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីកូនភ្លោះទាំងបីនាក់​នេះ ប្រសូត្រដោយ ធ្វើការវេះកាត់ កាលពី​ម៉ោង១២៖១នាទីរសៀល ថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៦​កន្លងទៅនេះ នៅ​មន្ទីរ​ពេទ្យកាល់ម៉ែត្រ។

លោក សេង ទៀង បាននាំនូវការ​ផ្តាំ​ផ្ញើសាកសួរសុខទុក្ខ ដោយ​សេច​ក្តី​នឹករលឹក យ៉ាងជ្រាលជ្រៅ​ ពីសម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជានិច្ចកាល​សម្តេចទាំង២ តែងតែផ្ញើរនូវការ​នឹក​រលឹកចំពោះ​ប្រ​ជា​​ពល​​រដ្ឋ នៅគ្រប់ទីកន្លែង​ទាំងអស់ក្នុងប្រទេសកម្ពុជា ហើយនៅចំពោះ​មុខគ្រួសារប្រសូត្រទារិការ និងទារកភ្លោះបីនាក់ លោកក៏បានលើកឡើង​រថា ចាប់តាំង​ពី​ឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មាន​គ្រួសារប្រសូត្រទារក​ភ្លោះបីនាក់ ឫបួននាក់ មានចំនួន២៩៩គ្រួសារ​ហើយ ដែលបានទទួលអំណោយ​ឧបត្ថម្ភ​  ក្នុងការជួយទំនុកបំរ៉ុង ដល់ការលំបាក​ខ្វះខាត ក្នុងជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារក ​ឬទារិកាភ្លោះ​ បី​នាក់​នៅពេលឆ្លងទន្លេរួច។

លោកបញ្ជាក់ថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជា​អំណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយរបស់កាក​បាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស​ ដែល​បម្រើឲ្យសកម្ម​ភាព​នយោ​បាយនោះទេ ផ្ទុយទៅវិញអំណោយ​ទាំងអស់នេះ គឺជាអំណោយទានកើតចេញ​ពីទឹកចិត្តជ្រះ​ថ្លា​ ប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្វែងយល់​ពីការ​លំបាក​ពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រកូនភ្លោះបី ឬបួននាក់។

ស្រ្តីជាម្តាយកូនភ្លោះ៣នាក់ ឈ្មោះ ​​​ហួរ សៀងហៃ អាយុ២០ឆ្នាំ មុខរបរលក់ដូរបន្តិបន្តួច និងឪពុក​ឈ្មោះ ឆេង រិទ្ធី អាយុ៣៥ឆ្នាំ​ ​​មានមុខរបរជាបុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់ ពួកគាត់ទាំង​២នាក់ប្តីប្រពន្ធ មាន​ស្រុក​​កំណើត​នៅ​​ភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។

ជាមួយគ្នានោះដែរ ឪពុក​ម្តាយកូនភ្លោះបីនាក់ បានថ្លែងអំណរគុណចំពោះ ​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិត ដែលបានប្រគល់អំណោយ សប្បុរសផ្ទាល់ខ្លួន ​ដល់ដៃពួកគាត់ ក្នុងការចិញ្ចិមបីបាច់កូននេះ សូមជូនពរឲ្យ សម្តេចតេជោ និងសម្តេចកត្តិព្រឹត្តបណ្ឌិត មានសុខភាពមាំមួនដើម្បី ដឹកនាំប្រទេសជាតិ​តទៅទៀត៕


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh