CamNews

ព័ត៌មានជាតិ 

ចោរខ្ចីវស្សា ឆក់កាបូបបានហើយ បែរស្លន់ស្លោរ បើកម៉ូតូបុកអ្នកដទៃ ត្រូវសមត្ថកិច្ចវៃខ្នោះ

ភ្នំពេញ៖ ក្រុមចោរឆក់ ២នាក់ បទពិសោធន៍នៅខ្ចីវស្សា ក្រោយធ្វើ សកម្មភាពឆក់កាបូប សិស្សសាលាមេត្រូឌីស្ទ បានសម្រេចហើយ បែរជាភ័យស្លន់ស្លោបើកម៉ូតូទៅបុកម៉ូតូអ្នកដំណើរផ្សេងទៀត បណ្តាលឲ្យដួលច្រងាប់ច្រងិល ត្រូវនគរបាលចាប់វៃខ្នោះតែម្តង។

ហេតុការណ៍ឆក់បានសម្រេច តែគ្រោះអាក្រក់ បណ្តាលឲ្យសមត្ថកិច្ចចាប់បាននេះ បានកើតឡើងព្រឹកព្រលឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅមុខបណ្ណាល័យសម្តេច ហ៊ុន សែន ផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ីន ចន អាយុ ១៩ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សី កែវ ( ជាអ្នកឆក់) និងម្នាក់ទៀត ឈ្មោះ សៀវ រ៉ាវីន អា យុ ១៦ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣២ ក្រុមទី៧ សង្កាត់ទួល សង្កែ ខណ្ឌ ឬស្សីកែវ ( ជាអ្នកបើកម៉ូតូ) ។

ជនរងគ្រោះមានឈ្មោះ សុវណ្ណ រីយ៉ា អាយុ ១៧ឆ្នាំ ជាសិស្សសាលា មេត្រូឌីស្ទកម្ពុជា ស្នាក់នៅផ្ទះ លេខ៣០ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ក្រោយចាប់ខ្លួន សមត្ថកិច្ច បានកហូតកាបូបស្ពាយ ដែលក្នុងកាបូបនោះ មានទូរស័ព្ទមួយគ្រឿងម៉ាក Samsung Galaxys ពណ៌ខ្មៅ និងសំភារៈសិក្សា ហើយក៏ប្រគល់ជូនជនរងគ្រោះភ្លាមៗផងដែរ។ ដោយ ឡែកជនសង្ស័យត្រូវ បាននាំខ្លួនទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP