ភ្នំពេញ ៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីយកកាំបិតបុ័ងតោ មកកាប់ជាច្រើនកាំបិត ទៅលើយុវជនជាអ្នកលក់ទូរស័ព្ទមួយកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបាន ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨ និង២០ នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខហាង មនោលក់ទូរស័ព្ទ ផ្ទះលេខ៤៣៣ ផ្លូវ៣១០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី ចន្ធូ អាយុ១៩ឆ្នាំ មុខរបរជាងដែក រស់នៅសង្កាត់ស្ទឹងមានជ័យ។ ចំណែកយុវជនរងគ្រោះឈ្មោះ ណាក់ អាយុជាង៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ រស់នៅកន្លែងកើតហេតុ ។
សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ យុវជនម្នាក់បានយកទូរស័ព្ទមកដាក់បញ្ចាំ តែខាងម្ចាស់ហាងប្រាប់ថាយប់ហើយ មិនទទួលទេ ។ សេចក្តីរាយការណ៍បន្តថា ជនដែលយកទូរស័ព្ទមកដាក់បញ្ចាំនេះ មានអាការៈស្រវឹង ហើយទូរស័ព្ទដែលយកមកបញ្ចាំនេះ ម៉ាកណូគារ ចុចពិលមួយគ្រឿង យកមកបញ្ចាំ នៅហាងលក់ទូរស័ព្ទរបស់ជនគ្រោះ ពេលនោះជនរងគ្រោះបាននិយាយថា ល្ងាចបិទហាងហើយ អត់ទទួលបញ្ចាំទេ ពេលនោះជនរូបនេះ ហាក់ខឹង ក៏មានការឈ្លោះប្រកែកឌឺដងពាក្យសម្តីគ្នារវាងបុរសរងគ្រោះ និងជនដៃដល់ ។
ប្រភពបន្តថា ពេលប្រកែកគ្នា បានមួយសន្ទុះជនដៃដល់ បាននិយាយទៅកាន់បុរសរងគ្រោះថា នៅចាំទីនេះហើយកុំទាន់ទៅណា ខ្ញុំទូរស័ព្ទហៅមិត្តភក្តិមកសិន ។ លុះមួយសន្ទុះក្រោយមក គេឃើញយុវជនពីរនាក់ បានមកដល់កន្លែងកើតហេតុ ដោយមានកាន់កាំបិតបុ័ងតោ មកជាមួយផងដែរ ហើយធ្វើសកម្មភាពកាប់សំដៅទៅលើបុរសលក់ទូរស័ព្ទនោះ ជាច្រើនកាំបិតបណ្តាលឱ្យ រយះក្បាលហូរឈាមស្រោចខ្លួន ហើយគេឃើញបុរសរងគ្រោះព្យាយាមតបត ទៅលើក្រុមជនដៃដល់ រហូតអាចវាយបកទៅលើក្រុមជនដៃដល់ រហូតចាប់បានបក្ខពួក ជនដៃដល់ម្នាក់ ខណ:មានការ ជួយពីសំណាក់ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នៅ ទីនោះ រួចប្រគល់អោយ នគរបាល ចាត់ការបន្ត ។
ពាក់ព័ន្ឋនឹងករណីនេះ បុរសរងគ្រោះមិនបានផ្តល់ព័ត៌មាន ជាក់លាក់ ដល់សមត្ថកិច្ចនៅឡើយទេ ដោយសារត្រូវ របួសធ្ងន់ធ្ងរ ហើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល