CamNews

ព័ត៌មានជាតិ 

«អង្គរសង្រ្កាន្ដ» លើកទី២ អបអរសាទរ បុណ្យចូលឆ្នាំថ្មី បើកជាផ្លូវការ

សៀមរាប: ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ «អង្គរសង្រ្កាន្ដ» លើកទីពីរ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ ដែលរៀបចំដោយសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានបើកដំណើរនៅរសៀលថ្ងៃ ១៥កើត ខែចេត្រ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ នៅប្រាសាទអង្គរធំ ជាមួយផ្ទាំង ទស្សនីយភាពវប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់ កម្ពុជា។

ព្រឹត្តិការណ៍ «អង្គសង្ក្រាន្ត» ឆ្នាំនេះ បានបើកដំណើរការ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណ:រដ្ឋមន្ត្រី លោកបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពុងស្ពឺ និងលោកជំទាវ ព្រមទាំងអភិបាលខេត្ត សៀមរាប លោក ឃឹម ប៊ុនសុង និងលោកជំទាវ រួមទាំងអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា ព្រះសង្ឃ លោក លោកស្រី អ្នកមុខអ្នកការ មន្រ្តីរាជការ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រតិភូបរទេស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្រុម គ្រួសារ ស.ស.យ.ក ក្រុមការងារសមាជិក និងយុវជនស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានអ្នកចូល រួមទស្សនាព្រឹត្តិការណ៍ និងការដង្ហែរបើកពិធី ប្រមាណជាង ២ម៉ឺននាក់ ។

លោក ហ៊ុន ម៉ានី ដែលជាអ្នកផ្តួចផ្តើមគំនិតរៀបចំពិធីជាប្រវត្តិសាស្រ្តនេះ បានមានប្រសាសន៍ថា ក្នុងនាម ស.ស. យ.ក និងប្រជាពលរដ្ឋខ្មែរទាំងអស់ មានសេចក្ដីសោមនស្សក្រៃលែង និងមានមោទនភាពយ៉ាងខ្លាំង ព្រោះនេះជា លើកទីពីរហើយ ដែល ស.ស.យ.ក បានសហការជាមួយខេត្តសៀមរាប ក្រសួងទេសចរណ៍ អាជ្ញាធរអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ព្រមទាំងស្ថាប័នជាច្រើនទៀត បានរួមគ្នារៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» នេះឡើងស្របពេលដែលប្រជាជនខ្មែរទូទាំង ប្រទេសកំពុងចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ។

ឆ្នាំថ្មីគឺជាឱកាសមួយ ដែលគ្រួសារខ្មែរទាំងមូល  ទោះបីនៅជិតក្ដី ឬ ឆ្ងាយក្ដីតែងតែបានជួបជុំគ្នា ដោយសប្បាយ រីករាយ និងជាពេលបង្ហាញពីការជឿជាក់ និងបំណងប្រាថ្នាក្នុងការសម្រេចឲ្យ បាននូវជោគជ័យដ៏ល្អប្រសើរ សម្រាប់ជីវិតផងដែរ។

គោលបំណង នៃការរៀបចំឲ្យមានព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» នេះ លោក បានបញ្ជាក់ថា ដើម្បីចូលរួមអបអរ សាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្ដល់ឱកាសឲ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវ ទេសចរជាតិ អន្ដរជាតិ បានចូលរួមកម្សាន្ត សប្បាយតាមលក្ខណ:ប្រពៃណីជាតិ និងជាការបំផុសទឹកចិត្ត យុវជន កម្ពុជាយើង ឲ្យចាប់អារម្មណ៍ស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ពិសិដ្ឋ និងល្អផូរផង់របស់ជាតិ ជាពិសេសអំពីសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ដែលកម្ពុជាធ្លាប់ប្រតិបត្តិជាយូរយារណាស់មកហើយ រួមទាំងធ្លាប់ល្បីល្បាញនាសម័យមហានគរ មកហើយនោះ ។

លោកបណ្ឌិតសភាចារ្យ សុខ អាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវជាតិ និងអន្ដរជាតិទាំង អស់ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ដែលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា និង ជាបេតិកភណ្ឌ ពិភពលោក ពិសេសទីក្រុងសៀមរាប-អង្គរ ដែលត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងវប្បធម៌ ប្រវត្តិសាស្ត្រដ៏វ័យចំណាស់ ផងដែរ ។

ក្នុងនាមរាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ នៃសហភាព សហព័ន្ធ យុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិត និងចលនាឲ្យមានដំណើរការ ព្រឹត្តិការណ៍ « អង្គរសង្រ្កាន្ដ» ដ៏មានសារ:សំខាន់នេះឡើង ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា «អង្គសង្រ្កាន្ត» មិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញនូវគំនិតច្នៃប្រឌិត ដ៏ឈ្លាសវៃ និងសមិទ្ធផលគួរជាទីមោទន:របស់ ស.ស.យ.ក ប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់ពីស្មារតី រួបរួមសាមគ្គីគ្នា ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ អរិយធម៌ និងថែរក្សាកេរ្តិ៍ដំណែល ទំនៀមទម្លាប់ និង ប្រពៃណីជាតិ ផងដែរ ។

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត «អង្គសង្រ្កាន្ដ» ដែលទើបតែមានជាលើកទីពីរ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តដ៏រុងរឿង នៃសៀមរាប-អង្គរ ជាឱកាសដ៏ប្រពៃសម្រាប់បើកទំព័រ សករាជថ្មី ឲ្យយុវជនបានចូលរួមកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ដែលជាបេសកកម្មដ៏ឧត្តុង្ដឧត្តម និងជាការងារបន្តវេន របស់យុវជនពីជំនាន់មួយទៅមួយជំនាន់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា នៃយើង។

សម្រាប់ព្រឹត្តិការណ៍ដ៏ធំ និងមានអ្នកចូលរួមរាប់ម៉ឺននាក់នេះ លោកឧបនាយករដ្ឋមន្រ្តី  បានផ្ញើសារនយោបាយថា តាមរយ:ការអនុវត្តគោល នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានសុខ សន្ដិភាព យ៉ាងពេញលេញ ដែលពុំធ្លាប់មានក្នុងរយ:កាលជិត ៥០០ឆ្នាំចុងក្រោយនេះ។ សុខសន្ដិភាព និងស្ថិរភាព នយោបាយ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ធានា បាននូវការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។

សូមបញ្ជាក់ថា ការរៀបចំ « អង្គរសង្រ្កាន្ដ» នឹងប្រារព្ធពិធីនៅតំបន់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ទីលានជល់ ដំរី និងនៅទីតាំង មួយចំនួនក្នុងក្រុងសៀមរាប ដូចជា នៅតំបន់អង្គរ-ឃ្យុងយូរ តំបន់តាមដងស្ទឹងសៀមរាប និង តំបន់ទេសចរណ៍ផប់ស្ទ្រីត ក្រុងសៀមរាប ។

ហើយសម្រាប់ព្រឹត្តិការណ៍«អង្គរសង្ក្រាន្ត» គឺមានកម្មវិធី ភូមិខ្ញុំ ល្បែងប្រជាប្រិយ ក្បាច់គុន ល្បុក្កតោ របាំប្រពៃណី បច្ចេកទេសសិលាឋាន ពិព័រណ៌ពាណិជ្ជកម្ម ពិព័រណ៌សិប្បកម្ម និងម្ហូបអាហារខ្មែរ គោមបណ្ដែតទឹក និងផលិត ផល ស.ស.យ.ក ។ សម្រាប់កម្មវិធីខាងសាសនា មានពិធីបួងសួង ពិធីទទួល ទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ពិធីទៅ វត្តពូនភ្នំខ្សាច់ ។ ចំពោះផ្ទាំងទស្សនីយភាព គឺមាន ពិធីបើកព្រឹត្តិការណ៍ អង្គរសង្រ្កាន្ដ មហោស្រប សិល្បៈបុរាណ "ព្រះសុធន និងនាងកែវមនោហ៍រា" ពិធីដង្ហែក្បួនអង្គរសង្ក្រាន្ដ និងការប្រគុំតន្ដ្រីអង្គរសង្ក្រាន្ដ ផងដែរ ៕

ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news