CamNews

ព័ត៌មានជាតិ 

ទស្សនា Video មុនហេតុការណ៍បាញ់សម្លាប់សង្សានៅក្នុងផ្ទះសំណាក់ «សារីធំ»

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល កំពុងតែសហការគ្នា ដើម្បីតាមចាប់ជនដៃដល់ដែលបានបាញ់សម្លាប់សង្សារបស់ខ្លួន នៅក្នុងផ្ទះសំណាក់ «សារីធំ» ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីយប់មិញ។

មេបញ្ជាការរងអាវុធហត្ថ ទទួលផែនព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវ លោក កាន់ សុខ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «ជនដៃដល់យើងមិនទាន់អាចកំណត់អត្តសញ្ញាណ ថាជាមន្រ្តីអាវុធ ឬមន្រ្តីយោធានោះទេ ពីព្រោះនៅលើមួកមានបិទ Logo ទីបញ្ជាការអគ្គ តែនៅពេលពាក់អាវ ជាអាវុធហត្ថទៅវិញ»

លោកថា នៅពេលនេះកម្លាំងជំនាញរបស់លោក កំពុងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន និងរាយការណ៍ជូនថ្នាក់លើ ដើម្បីតាមស្រាវជ្រាវចាប់ខ្លួន។

សូមបញ្ជាក់ថា នារីម្នាក់ត្រូវបានសង្សាជាកងកម្លាំងដឹកមកដេកនៅផ្ទះសំណាក់ «សារីធំ» ជួលបន្ទប់លេខ៤០៤ ជាន់ឡៅតឿ រួចបាញ់ប្រហារបណ្តាលឲ្យធ្លាយគ្រាប់ភ្នែក ស្លាប់ភ្លាមៗតែម្តង ប៉ុន្តែមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ខណ:ជនដៃដល់រត់គេចខ្លួនបាត់។

ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើងនាម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្រ្តីឈ្មោះ ឈុត ស្រីមុំ ជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ បានប្រាប់ថា មុនកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ស្លាកលេខ 4399 មកជួលបន្ទប់ខាងលើ ដើម្បីស្នាក់នៅ គឺមួយខែអ្នកទាំងពីរ មកជួលស្នាក់នៅ២ទៅ៣ដង។ តែនៅយប់កើតហេតុនេះ នៅម៉ោងខាងលើមានឮសំឡេង ផ្ទុះអាវុធមួយគ្រាប់ ស្រាប់តែឃើញជនសង្ស័យ បានចុះមកក្រោមវិញតែម្នាក់ឯង។
ភ្លាមៗនោះសន្តិសុខ ដែលយាមនៅផ្ទះសំណាក់បាននាំគ្នាឃាត់ តែជនសង្ស័យនៅតែចេញបាន ប្រតាយប្រតប់គ្នាផងដែរ តែដោយសារជនសង្ស័យមានអាវុធខ្លី នៅនឹងចង្កេះទើបសន្តិសុខ មិនហ៊ានឃាត់តទៅទៀត ខ្លាចជននោះបាញ់ថែម ទើបជនសង្ស័យរូបនោះ មានឱកាសយកម៉ូតូជិះចេញពីកន្លែងកើតហេតុ រួចគេចខ្លួនបាត់ស្រមោល។

សាក្សីបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យចេញទៅបាត់ សន្តិសុខ និងស្រីជាអ្នកមើលការខុសត្រូវខាងផ្ទះសំណាក់ នាំគ្នារត់ឡើងទៅមើលបន្ទប់៤០៤ ក៏បានឃើញនារីរងគ្រោះដេកស្លាប់ នៅលើពួកបាត់ទៅហើយ ព្រោះត្រូវជនសង្ស័យបាញ់ប្រហារចំគ្រាប់ភ្នែក ខាងស្តាំធ្លាយទៅក្រោយ។

យោងតាមរូបភាពដែលបានបង្ហាញនៅក្នុង Video មុនកើតហេតុ ពេលដែលពួកគេដើរចូល និងឡើងទៅបន្ទប់ខាងលើនោះ ឃើញថា ជនដៃដល់ និងនារីរងគ្រោះហាក់មិនត្រូវគ្នានោះឡើយ ដោយសារតែជនដៃដល់បានយកដៃទៅគៀក ក តែត្រូវនារីរងគ្រោះ ក្រវៀសដៃចេញ។ បើតាមសាក្សី ពួកគេបានចូលទៅក្នុងបន្ទប់បានប្រហែល២០នាទីប៉ុណ្ណោះ រួចហើយឃើញ ជនសង្ស័យចេញមកវិញទាញម៉ូតូ ជិះស្រាប់តែដួល ហើយលើកឡើងវិញបើកចេញដោយមានសន្តិសុខផ្ទះសំណាក់ ចាប់ទាញពីក្រោយទៀតផង។

បើតាមអ្នកដែលស្គាល់នារីរងគ្រោះ បានឲ្យដឹងថា នាងមានមុខរបរជាអ្នកលក់ខោអាវ នៅផ្សារទទួលសង្កែ និងធ្លាប់មានប្តីផងដែរ តែបានស្លាប់ជាង១ឆ្នាំមកហើយ។ ដោយឡែកសម្រាប់ករណីនេះគេអាចសង្ស័យថា នារីរងគ្រោះអាចមានប្រុសថ្មី ទើបជនដៃដល់ដែលជាសង្សាបាញ់សម្លាប់តែម្តង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news