សៀមរាប : ក្នុងព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» លើកទីពីរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ នៅតំបន់អង្គរ ក្រុងសៀមរាប ឆ្នាំនេះ ល្បែងចត្រង្គ ឬ ល្បែងអុក ក៏បានមកចូលរួមប្រកួតប្រជែញ ជាប្រវត្តិសាស្រ្ត ផងដែរ ។ដែលមានកីឡាករ មកពី ១៦ខេត្ត រាជធានី ហើយនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ រវាងលោក ឈៀវ បូរ៉ា មកពីខេត្តកោះកុង និងលោក គ្រួច ចន្ថារឹទ្ធ មកពីខេត្តស្វាយរៀង ជាលទ្ធផលត្រូវបានទៅលោក ឈៀវ បូរ៉ា ក្នុងជ័យលាភីស្ដេចអុកចត្រង្គ នាឱកាសនេះ។
សម្រាប់ជ័យលាភី នៃការប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺ ជ័យលាភីលេខ១ បានទៅលោក ឈៀវ បូរ៉ា អាយុ ២៤ឆ្នាំ មកពីខេត្តកោះកុង ហើយលោកមានមុខរបរជា ស្ថាបក្យករ មិនធ្លាប់បានចូលប្រកួតទេ កាលពីពេលកន្លងទៅ ។ លេខ២ បានទៅលោក គ្រួច ចន្ថារឹទ្ធ អាយុ ៤៧ឆ្នាំ មកពីខេត្តស្វាយរៀង ធ្លាប់ប្រកួតជាប់លេខ១ កាលពី ឆ្នាំ២០០១ និងជាប់លេខ២ កាលពីឆ្នាំ២០០៨ ។ លេខ៣ បានទៅលោក សួ សំភី អាយុ ៣៤ឆ្នាំ មកពីរាជធានី ភ្នំពេញ ធ្លាប់ប្រកួតនៅឆ្នាំ២០១០ ធ្លាក់ពីជ័យលាភី ជាមន្ដ្រីសាលាខ័ណ្ឌ ពោធិ៍សែនជ័យ ។ លេខ៤ បានទៅ លោក កែវ វឌ្ឍនា អាយុ ២៦ឆ្នាំ មកពីរាជធានីភ្នំពេញ មិនធ្លាប់ចូលប្រកួត មុខរបរជា បុគ្គលិក កំពង់ផែស្វ័យត្យ ភ្នំពេញ ។
ហើយសម្រាប់ជ័យលាភីលេខ១ បានទទួលប្រាក់រង្វាន់៣ពាន់ដុល្លារ និងលេខ២បានទទួល ២ពាន់ដុល្លារ ដែល ជាប្រាក់ឧបត្ថម្ភលើកទឹកចិត្តដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រគល់ជូន កីឡាករជ័យលាភី លេខ១ និងលេខ២ ។ ក្នុងនោះកីឡាករ ចំណាត់ថ្នាក់ជ័យលាភីលេខ១ និងលេខ២ ព្រមទាំងលេខ៣ និងលេខ៤ ក៏បាន ទទួលពាន់រង្វាន់ ប្រាក់រង្វាន់បន្ថែម ផងដែរ ពីគណៈកម្មការរៀបចំ និងពីអស់លោក លោកស្រី លោករដ្ឋមន្ត្រី លោកអភិបាលខេត្ត និងសប្បុរស់ជន ដែលជាអ្នកស្នេហាល្បែង ល្បែងចត្រង្គ ឬ ល្បែងអុក ។
សូមបញ្ជាក់ថា ល្បែងចត្រង្គ ឬ ល្បែងអុក គឺជា ល្បែងដែលខ្មែរមានទាំងពីបុរាណកាលមកម៉្លេះ សម្រាប់កងទ័ព លេងឲ្យមានប្រាជ្ញាវាងវៃ គោលក្នុងការប្រើឧបាយកលក្នុងចម្បាំង។ បានជាគេហៅថា ល្បែងអុក ដោយសារ ល្បែងនេះមានគោលដៅសម្លាប់ "ខុន" បើកូនចត្រង្គណាមួយដើរដល់ក្រឡា ដែលអាចស៊ី "ខុន"បាន គេតែង បន្លឺពាក្យថា "អុក" ។ ចំពោះពាក្យ "ចត្រង្គ" ក្លាយមកពីភាសាសំស្ក្រិត និងបាលី ថា "ចតុរង្គ" ប្រែថា "មាន អង្គបួន" ។ ហើយល្បែងនេះមានវិធីលេងដូចជាចម្បាំង ដែលមានសេនាកងទ័ពប្រកបដោយអង្គ ៤ គឺ កងទ័ពដំរី កងទ័ពសេះ កងទ័ពរថ និងកងទ័ពថ្មើរជើង ៕