ព័ត៌មានអន្តរជាតិ៖ ក្រុមមន្រ្តីសន្តិសុខ ប្រទេស អ៊ុយក្រែន បានបញ្ជាក់អោយដឹងថា យន្តហោះ ម៉ាឡេស៊ី ដែលបានផ្ទុះធ្លាក់នៅឯភាគខាងកើត ប្រទេស អ៊ុយក្រែន នោះ បានទទួលរងនូវ ឥទ្ធិពលអវិជ្ជមាន រហូត ដល់ផ្ទុះធ្លាក់ និង ឆេះ ក្រោយពីទទួលសម្ពាធ បន្ទាប់ពីមានការវាយប្រហារ ដោយក្បាលគ្រាប់ម៉ីស៊ីល ដ៏ មានឥទ្ធិពល នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។
ប្រភពដដែល បញ្ជាក់អោយដឹងថា អំនះអំណាងខាងលើនេះអាចបញ្ជាក់ទៅបានក្រោយពីមានការវិភាគ ពីក្រុមអ្នកជំនាញ អង់គ្លេស ដោយទាញយកទិន្នន័យពីប្រអប់ខ្មៅ MH17 ។ តែទោះជាយ៉ាងណាក៏ដោយ ការពិត នៅពុំទាន់ជាក់ច្បាស់ នៅឡើយទេ ថាតើ គ្រាប់ម៉ីស៊ីលនេះ នរណាជាអ្នកបាញ់អោយពិតប្រាកដ ស្របពេលដែល អ៊ុយក្រែន និង ក្រុមឧទ្ទាម បំបែករដ្ឋ គាំទ្រ ប្រទេសរុស្ស៊ី បានចោទដាក់គ្នា ទៅវិញទៅ មក ។
គួរបញ្ជាក់ថា ក្រុមមនុស្សជាអ្នកធ្វើដំណើរទាំងអស់ និង ក្រុមនាវិក សរុបមានគ្នាដល់ទៅ ២៩៨នាក់ទាំង អស់គ្នាបានស្លាប់បាត់បង់ជីវិត គ្មាននរណាម្នាក់ មានឱកាស រស់រានមានជីវិតនោះទេ ដែលភាគច្រើន ជនរងគ្រោះគឺជា ជនជាតិ ហូឡង់ ។ ដោយឡែក ក្រុមអ្នកសង្កេតការណ៍ និង តាមដាន ស៊ើបអង្កេត របស់ប្រទេស ហូឡង់ បានដឹកនាំក្រុមស្រាវជ្រាវ ទៅកន្លែង កើតហេតុ ដើម្បីសិក្សា ស្រាវជ្រាវ និងស៊ើប អង្កេត ខណៈបានបដិសេធ ក្នុងការធ្វើអធិប្បាយ ស្តីពីការលើកឡើង របស់ប្រទេស អ៊ុយក្រែន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី