CamNews

ព័ត៌មានជាតិ 

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន រិះ​គន់​អ្នក​តាំង​ខ្លួន​ជា​បណ្ឌិត តែ​វិភាគ​ខុស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នៅក្នុងឱកាសអញ្ជើញចូលរួមទិវាមច្ឆជាតិ ១កក្កដា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើការរិះគន់អ្នកតាំងខ្លួនជាបណ្ឌិត ប៉ុន្តែបែរជា វិភាគខុសចំពោះកិច្ចប្រជុំ CLV (កម្ពុជា, ឡាវ និងវៀតណាម) ដោយបណ្ឌិតនោះ បានលើកឡើងថា កិច្ចប្រជុំនោះ ជាកិច្ចប្រជុំពួកកុម្មុយនិស្ត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានអ្នកវិភាគ ដែលគេហៅថាបណ្ឌិតនោះ បានវិភាគថា កិច្ចប្រជុំ CLV, CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) និង ACMECS សុទ្ធតែជាពួកកុម្មុយនិស្ត ឥឡូវ កិច្ចប្រជុំមេគង្គ គឺជា ACMECS ហ្នឹងតែម្តង ដែលកិច្ចប្រជុំនេះ ជប៉ុន ជាអ្នកជួយ។ តើជប៉ុនជាកុម្មុយនិស្ត ទេអី? “ស្ដាយស្រណោះថា យើងជាខ្មែរដូចគ្នាមិនគួរមានបណ្ឌិតល្ងង់ ហើយហៅបណ្ឌិតនឹងគេដែរ ប៉ុន្តែ តាមដឹងគ្រូពេទ្យស្មោះ គ្រូពេទ្យហ្នឹងជាពេទ្យមធ្យមទៀត”។

នាយករដ្ឋមន្ត្រី បានបន្ថែមថា “នៅក្នុងអាស៊ាននេះ មានប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាប្រទេសអភិវឌ្ឍន៍ត្រីកោណ គឺមានជប៉ុនជាអ្នកជួយ ដែលសព្វដង ពេលប្រជុំអមអាស៊ាន គឺប្រជុំរវាងកម្ពុជា ឡាវ វៀតណាម និងជប៉ុន។ គេលើកទឹកចិត្តឲ្យប្រទេសសមាគមអាស៊ាន ៤ ដែលជាសមាជិកថ្មីនេះ មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ធ្វើការជាមួយគ្នា ដើម្បីកាត់បន្ថយគម្លាតក្នុងអាស៊ាន មានយុទ្ធសាស្ត្រ សហប្រតិបត្តិការរវាង ៥ប្រទេស ដែលបច្ចុប្បន្ន ៥ប្រទេស ស្ថិតក្នុងក្របខណ្ឌមេគង្គនេះ ទៅប្រជុំជាមួយជប៉ុន, កូរ៉េខាងត្បូង ជាមួយអាម៉េរិក។ ស្រាប់តែអ្នកវិភាគឯករាជ្យអីរបស់គេ បណ្ឌិតអីគេ ថាអាហ្នឹង អាស៊ានក្លាយទៅជាកុម្មុយនិស្តហើយ”។

សម្តេចតេជោ មានប្រសាសន៍បន្តថា “ឱព្រះអើយ! ខ្ញុំខ្មាសគេទៅវិញទេ ដោយសារមានខ្មែរធុនអន់របៀបនេះ។ បើខ្មែរយើងធុនអន់របៀបអីចឹងៗ តើទៅធ្វើការជាមួយគេយ៉ាងម៉េច? បើគោលដៅនយោបាយឲ្យច្បាស់ជាគោលដៅនយោបាយ ប៉ុន្តែ បើគោលដៅនយោបាយបែបនេះ កុំចេញមុខមកបែបនេះ អន់ណាស់ អន់ពេក”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥឡូវនេះ មានជប៉ុន-មេគង្គ, កូរ៉េ-មេគង្គ, អាម៉េរិក-មេគង្គ ចិន-មេគង្គ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP