CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុនប្រេងឥន្ធនៈ នៅ​កម្ពុជា​បន្ត​ទម្លាក់​តម្លៃ SOKIMEX និង TELA តម្លៃត្រឹម ៣.៩០០រៀល ក្នុង​មួយ​លី

ភ្នំពេញ៖ ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា បានព្រមព្រៀង ទម្លាក់តម្លៃរបស់ខ្លួនទៀតហើយ ក្នុងនោះក្រុម ហ៊ុន SOKIMEX និង TELA បានទម្លាក់ តម្លៃមកនៅត្រឹម ៣.៩០០រៀលក្នុងមួយលីត្រ PTT បញ្ចុះមកនៅត្រឹម ៤.០៥០រៀល ខណៈក្រុមហ៊ុនបរទេស ដូចជាតូតាល់ និងកាល់តិច រង់ចាំការឯកភាពពីថ្នាក់ដឹកនាំ។ ដោយឡែក តម្លៃប្រេង SAVIMEX និង LHR តម្លៃទាបជាងគេគឺ SAVIMEX ៣.៥០០រៀលក្នុង១លីត្រ, LHR ៣.៣០០ក្នុង ១លីត្រ។

យោងតាមការចេញផ្សាយតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានអញ្ជើញតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗនៅកម្ពុជា ជួបប្រជុំគ្នាជាលើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែម អំពីតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ន និង បញ្ហាប្រឈមនានា។

ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ ដែលចូលរួមជជែកពិភាក្សានោះរួមមាន ក្រុមហ៊ុន SOKIMEX, TELA, PTT (កម្ពុជា), CALTEX, Bright Victory Mekong Petroleum, TOTAL, SAVIMEX និងក្រុមហ៊ុន LHR ។

ក្នុងជំនួបពិភាក្សាទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ លក់រាយរបស់ខ្លួនក្រោម ៤.០០០ រៀលក្នុងមួយលីត្រ ឲ្យស្របទៅនឹងថ្លៃប្រេងពិភពលោក ដើម្បីធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង ។

ឆ្លើយតបទៅនឹងសំណើ តំណាងក្រុមហ៊ុន SOKIMEX និង TELA បានសម្រេចបញ្ចុះថ្លៃ ប្រេងសាំងធម្មតាពី ៤.០០០រៀល មកនៅ ៣.៩០០រៀល ក្នុងមួយលីត្រ, ក្រុមហ៊ុន PTT បញ្ចុះមកនៅ ៤.០៥០រៀល ក្នុងមួយលីត្រ គិតចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ។

តំណាងរបស់ក្រុមហ៊ុនចែកចាយប្រេងបរទេសផ្សេងទៀត នឹងបញ្ជាក់ពីការបញ្ចុះតម្លៃ បន្ទាប់ពីទទួលបានការឯកភាព ពីថ្នាក់ដឹកនាំ ប្រចាំតំបន់របស់ខ្លួន ។ ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងនេះ ក៏បានបញ្ជាក់ផងដែរថា អតិថិជនណា ដែលមានប័ណ្ណសមាជិក ឬ E-Card នឹងទទួលបាន ការបញ្ចុះថ្លៃបន្ថែមទៀតចាប់ពី ៥% ទៅ ១០% លើតម្លៃដាក់លក់ ។

បើតាមព័ត៌មានដែលចេញផ្សាយពីគេហទំព័រក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងតំណាងក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈធំៗ ទាំងអស់ នឹងបន្តជួបប្រជុំគ្នាជារៀងរាល់១០ថ្ងៃម្តង ដើម្បីពិនិត្យ មើលបន្ថែមទៀត លើថ្លៃប្រេងឥន្ធនៈ ដើម្បីធានាថាតម្លៃ ប្រេងនៅ ពិភពលោក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ តម្លៃ ប្រេងដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈធំៗទាំង៧នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ បានធ្វើការបញ្ចុះតម្លៃប្រេង ពីតម្លៃជាង ៥ពាន់រៀល មកនៅត្រឹមជាង៤ពាន់រៀល។ ក្នុងនោះក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម និង សាវីមិច បានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅត្រឹម ៤.៧៥០រៀល ។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៥០០រៀល ។ ក្រុមហ៊ុនតូតាល់ ប្រេងសាំងធម្មតា បញ្ចុះតម្លៃពី ៥.០៥០រៀល មកនៅ ៤.៨៥០រៀល ។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៦០០រៀល ។ ក្រុមហ៊ុនកាល់តិច ប្រេងសាំងធម្មតា បញ្ចុះតម្លៃពី ៥.០៥០រៀល មកនៅ ៤.៨០០រៀល ។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៥៥០រៀល ។

ដោយឡែកក្រុមហ៊ុន សាវីមិច បញ្ចុះតម្លៃច្រើនជាងគេ ពោលបានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅ ៤.៤៥០រៀល ។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅត្រឹម ៤.៣៥០រៀល ៕

 ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP