CamNews

ព័ត៌មានជាតិ 

យកកាំបិតប៉័ងតោ ដេញកាប់ប្តី មិនឲ្យចូលផ្ទះ ទាញទ្វារបិទ ផឹកថ្នាំ សម្លាប់ខ្លួន

ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់ រស់នៅក្នុងផ្ទះធំទ្រនំខ្ពស់ បានដាច់ចិត្តចាក់សោទ្វាររបង និងទ្វារផ្ទះ សម្ងំផឹកថ្នាំសម្លាប់ខ្លួនចោលកូន២នាក់ និងប្តី ប៉ុន្តែត្រូវសមត្ថកិច្ច និងអាជ្ញាធរភូមិសហការគ្នា គាស់ទ្វារផ្ទះ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីស្រ្តីរូបនេះ ត្រឡប់មកពីដើរលេងចូលទៅក្នុងផ្ទះ មិនដឹងជាមានរឿងអ្វីជាមួយប្តីនោះទេ បានទាញកំបិតប៉័ងតោដេញកាប់ប្តីមួយព្រឹក មិនឲ្យចូលផ្ទះនោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅក្នុងក្រុមទី៥ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រជាពលរដ្ឋ រស់នៅក្បែរផ្ទះកើតហេតុ បាននិយាយថា ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លី ណាវី អាយុ៣២ឆ្នាំ រស់នៅក្នុងផ្ទះកើតហេតុ មានកូនពី២នាក់ ប្រុសបង អាយុប្រហែល ៤ទៅ៥ឆ្នាំ ចំណែកឯប្តី របស់ស្រ្តីរងគ្រោះពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ប៉ុន្តែគ្រាន់តែដឹងថា ជាវិស្វករជំនាញម្នាក់។

ប្រជាពលរដ្ឋបានបន្តថា មុនពេលកើតហេតុ មិនដឹងជាមានរឿងអ្វីនោះទេ ស្រ្តីខាងលើបានទាញកាំបិត ដេញកាប់ប្តីមិនឲ្យ ចូលផ្ទះ បន្ទាប់ពីប្តីក៏បាននាំកូនប្រុសម្នាក់ ចេញទៅកាន់ផ្ទះបងប្អូន ដោយស្តី្ររងគ្រោះ នៅក្នុងផ្ទះពីរនាក់កូនស្រី លុះពេល ត្រឡប់មកវិញ ត្រូវស្រ្តីរងគ្រោះចាក់សោរបងជាប់ និងចាក់សោទ្វារផ្ទះជាប់ផងដែរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ ភ្លាមៗនោះនគរបាលមូលដ្ឋាន បានចុះមកដល់ និងបានសហការ ជាមួយលោកស្រីមេភូមិ គាស់ផ្ទះនោះ ទម្លុះចូលអស់ រយៈពេលជាងកន្លះម៉ោង ទើបគាស់ទ្វារបានចូលទៅ ស្រាប់តែឃើញស្រ្តីរងគ្រោះដួលសន្លប់នៅក្នុងផ្ទះ ដោយមានស្ថានភាព រ៉ឹងដៃ រ៉ឹងជើងទៅហើយ ក៏បានឲ្យប្តីដឹកបញ្ជូន ទៅកាន់គ្លីនិកអង្គរ ដើម្បីជួយព្យាបាលបន្ទាន់ ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យរុស្ស៊ី ជួយសង្គ្រោះទាន់ពេលវេលា។

បើតាមក្រុមគ្រួសារ ខាងប្តីស្រ្តីរងគ្រោះវិញ បាននិយាយថា ស្រី្តរងគ្រោះមិនដឹងថាខឹងប្តី ឬមួយយ៉ាងណានោះទេ បានដើរចេញ ពីផ្ទះ២ថ្ងៃមកហើយ ដោយទុកឲ្យប្តីនៅផ្ទះជាមួយនិងកូនៗ ដល់ព្រឹកមុនពេលកើត ហេតុស្រ្តីរងគ្រោះ បានត្រឡប់មកផ្ទះ ហើយ បម្រុងនាំកូនទាំងពីរចេញពីផ្ទះ ហើយត្រូវប្តីនាំកូនប្រុសម្នាក់ ចេញទៅកាន់ផ្ទះបងប្អូន ទើបធ្វើឲ្យស្រ្តីរូបនេះខឹង រហូតទាញ កាំបិតប៉័ងតោ ដេញកាប់ប្តីមិនចូល រហូតចាក់ផ្ទះសម្ងំផឹកថ្នាំសម្លាប់បែបនេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh