ភ្នំពេញ ៖ លោក សាន សុធី នាយរងមន្ទីរ ប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានប្រាប់ ឱ្យដឹងថា ចំពោះអ្នកជក់ស៊ីហ្សា ទាំង៥០នាក់ ក្នុងនោះ នារី១១នាក់ ត្រូវនឹងដោះលែង ទៅវិញ ក្រោយពីមាន ការធានា របស់អាណាព្យាបាល និងឪពុកម្តាយ របស់ពួកគេ នៅពេលចូល មកធ្វើ កិច្ចសន្យាជាមួយសមត្ថកិច្ច។
លោក សាន សុធី បានបញ្ជាក់ទៀតថា ដោយមានណែនាំ ពីសំណាក់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារ គ្រឿងញៀន និងមានការឯកភាពពី តំណាងអយ្យការ អមសាលាដំបូងរាជធានី ភ្នំពេញ លោក អ៊ុំ សុភ័ក្រ នោះ នគរបាលរបស់លោក នឹងកោះហៅ ឪពុកម្តាយ និងអាណាព្យាបាល របស់ អ្នកជក់ស៊ីហ្សា ទាំង៥០នាក់ មកធ្វើកិច្ចសន្យា ធានាយកទៅវិញ និងឲ្យបានដឹងថា កូនៗ របស់ខ្លួន បានគេចពីសាលា ដើម្បីចូលទៅ ជក់ស៊ីហ្សា។
បើតាមលោក សាន សុធី មនុស្ស ទាំង៥០នាក់ ក្នុងនោះនារី១១នាក់ ដែលត្រូវបានឃាត់ខ្លួន ក្នុង ប្រតិបត្តិការចុះឆែកឆេរ នៅក្នុង ក្លឹប «សាហារ៉ា» សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភាគច្រើនជានិស្សិត ឆ្នាំទី២ ឫទី៣ នៅតាមសកលវិទ្យាល័យ មួយចំនួន នៅរាជធានីភ្នំពេញ។
មន្រ្តីនគរបាល ជាន់ខ្ពស់រូបនេះ បានបញ្ជាក់ផងដែរ នាពេលនេះ សមត្ថកិច្ចរបស់ កំពុងតាមចាប់ខ្លួនម្ចាស់ ក្លឹបកម្សាន្ត «សាហារ៉ា» ស្ថិតនៅខាងក្រោយ ស្ថានទូតអូស្រ្តាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបើកលក់អាជីវកម្មហ្ស៊ីសា ឱ្យយុវជននៅភ្នំពេញ។
ប្រតិបត្តិការ កាលពីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ សមត្ថកិច្ចបានដកហូត បំពង់ជក់ ស៊ីហ្សា ចំនួន២០បំពង់ ល្បាយស៊ីហ្សា ចំនួន២កញ្ចប់ ម៉ូតូចំនួន៣៩គ្រឿង និងដាវសាម៉ូរ៉ៃ ចំនួន២ដើមផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល