បន្ទាយមានជ័យ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យ ២នាក់ បន្ទាប់ធ្វើសកម្មភាព ទាក់សត្វឆ្កែ ដើម្បីយកទៅលក់ ឲ្យអ្នកលក់សាច់ និងធ្វើម្ហូប កាលពីវេលាម៉ោងម៉ោង ១យប់ឈាន ចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងភូមិចាន់គិរី សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអ៊ុំ សុផល អធិការនគរបាល បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីខាងលើ ជាញឹកញាប់ ជាប្រចាំថ្ងៃផងនោះ ជាពិសេសករណីគាស់ផ្ទះ ប្រជាពលរដ្ឋកំពុង កក្រើកឡើងខ្លាំង ដូច្នេះរូបលោកបានបញ្ជាកម្លាំង របស់លោកចុះត្បាត នាពេលយប់ គ្រប់គោលដៅ ត្រូវឈរជើង និងខ្លះជិះម៉ូតូត្បាត ទើបចាប់បានជនសង្ស័យ ដែលកំពុងធ្វើសកម្មភាព ពិតប្រាកដមែន ។
លោកបានបន្តថា ជនសង្ស័យទាំង២នាក់នេះ បានជិះម៉ូតូធ្វើសកម្មភាពទាក់ឆ្កែ ទី១,មានឈ្មោះ ជីម ចំរើន ភេទប្រុស អាយុ២៣ ទី២,ឈ្មោះ ប៊ិន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅជាមួយគ្នា ភូមិក្បាលស្ពាន១ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ នគរបាល បានដកហួត បានវត្ថុតាង រួមមាន អន្ទាក់ ទាក់ឆ្កែ១ ការ៉ុង២ និងម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A-0458 ។ ក្រោយពីឃាត់ជនសង្ស័យ បានសារភាព ចំពោះមុខសមត្ថកិច្ចថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាព ទាក់ឆ្កែពិតមែន ដោយខ្លួនគ្មានការងារធ្វើ និងបានយកទៅលក់ បន្តឲ្យអ្នកតាមផ្ទះ សំរាប់ធ្វើម្ហូប ។ បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់នេះ សមត្ថកិច្ចបាន សាងសំណំរឿង បញ្ជូនទៅកាន់ស្នងការ ខេត្តដើម្បី ចាត់ការតាមនីតិវិធី ច្បាប់បន្តទៀត ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល