ភ្នំពេញ៖ រថយន្ដលុច្សស៊ីស ១គ្រឿង រងការខូចខាតផ្នែកចំហៀងខាងស្ដាំ ដោយសារតែរថយន្ដតាក់ស៊ីឆយ ១គ្រឿង បុកពេញទំហឹង នៅត្រង់ចំណុចផ្លូវកែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០១នឹង១៥នាទីយប់ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ ១០៨ កែងនឹងផ្លូវលេខ ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីសាក្សី នៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ ១គ្រឿង ម៉ាកលុច្សស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7543 បើកបរដោយជនជាតិកូរ៉េម្នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តតាក់ស៊ីឆយ ពាក់ស្លាកលេខ ភ្នំពេញ 2M-5126 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៨ ក្នុងទិសដៅ ពីលិចទៅកើត បានជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនមានរងរបួស ដល់មនុស្សនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ និងបានសហការជាមួយ ជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយនៅ ពេលក្រោយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល