CamNews

ព័ត៌មានជាតិ 

កូនបង្កើតពីរនាក់ និងសង្សារ ជាជនដៃ ដល់កាប់សម្លាប់ម្ដាយនឹងពូថៅ យកទ្រព្យសម្បត្ដិ

កោះកុង ៖ អំពើឃាតកម្មសម្លាប់ស្ដ្រីវ័យ ៥៣ឆ្នាំម្នាក់ នៅក្រុងខេមរភូមិន្ទ ខេត្ដកោះ កុង ប្លន់យកទ្រព្យសម្បត្ដិអស់មាសចំនួនជាង ១០តម្លឹងនិងលុយខ្មែរមួយចំនួន ដោយប្រើ ពូថៅកាប់ចំក្បាលនោះ ជនសង្ស័យចំនួន៤ នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជាបន្ដ បន្ទាប់ ដែលជនសង្ស័យពីរនាក់ គឺជាកូនស្រី និងកូនប្រុសបង្កើត ហើយប្រុសម្នាក់ទៀតជា សង្សារ ។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ក្នុង អំពើឃាតកម្មសម្លាប់ម្ដាយរបស់ខ្លួន ស្លាប់ ក្នុងថ្លុកឈាម ដោយប្រើពូថៅកាប់ចំក្បាល នោះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៥ ខណៈដែលជនសង្ស័យ ទាំងនេះ ជាពិសេសកូនស្រីប្រុសទាំងពីរនាក់ កំពុងដង្ហែសពម្ដាយឆ្ពោះទៅខេត្ដកំពត ដើម្បី បូជា នៅទីនោះលុះដល់ចំណុចស្រុកតាតៃ ក៏ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យត្រូវ បានធ្វើការឃាត់ខ្លួនរួមមាន ១-ឈ្មោះ ប៉ាន់ នៃស៊ីង ភេទស្រី អាយុ៣១ឆ្នាំ (កូនស្រីបង្កើតរបស់ជនរងគ្រោះ) ២-ឈ្មោះ កុសល អេងភិវឌ្ឍន៍ ភេទប្រុស អាយុ២៤ឆ្នាំ (សង្សាកូនស្រី) ៣-ឈ្មោះ ជា មុំ ភេទស្រី អាយុ៤៥ឆ្នាំ(អ្នករួមគំនិត) និងទី៤-ឈ្មោះ ប៉ាន់ សុថេង ភេទប្រុស អាយុ២៥ឆ្នាំ (កូនប្រុសបង្កើត របស់ជនរងគ្រោះ)។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ព្រហ្មទណ្ឌខេត្ដកោះកុង បានឱ្យដឹងថា ក្រោយ ពីបើកការ ស្រាវជ្រាវតាមជំនាញរបស់ខ្លួនរួចមក កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីវ័យ ៤៥ឆ្នាំម្នាក់ឈ្មោះជា មុំ ជាអ្នកជិតខាងផ្ទះ ស្ដ្រីរងគ្រោះម៉េង សៃ ស្ថិតនៅសង្កាត់ដងទុង ក្រុងខេមរភូមិន្ទ ។

ក្រោយពីចាប់ខ្លួនស្ដ្រីអ្នកជិតខាងរូបនេះ ស្រាប់តែបានសារភាពពីទង្វើរបស់ខ្លួន ដែល បានរួមធ្វើសកម្មភាពជាមួយកូនស្រីយកពូថៅ កាប់សម្លាប់ម្ដាយ ដើម្បីប្លន់យកទ្រព្យសម្បត្ដិ ពិតប្រាកដមែន ក្នុងនោះស្ដ្រីសង្ស័យក៏បាន ប្រាប់សមត្ថកិច្ចថា កូនប្រុសបង្កើតម្នាក់ ទៀតនិងសង្សាររបស់កូនស្រីបង ក៏បានចូល រួមធ្វើអំពើឃាតកម្ម នេះផងដែរ ។

ក្រោយពីទទួលបានចម្លើយសារភាពនិង សាក្សី ក៏ដូចជាភស្ដុតាងនោះ កម្លាំងនគរបាល បានឈាន ទៅដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ផ្សេងទៀតនៅស្រុកតាតៃ ខេត្ដកោះកុង ខណៈដែលពួកគេ កំពុងដង្ហែសពម្ដាយឆ្ពោះទៅខេត្ដកំពត ហើយគ្រឿងអលង្កា និងទ្រព្យសម្បត្ដិត្រូវបាន កូនប្រុសប្អូន ជាអ្នកកាន់កាប់ ។

តាមស្ដ្រីសង្ស័យរូបនេះ បានសារភាព ទៀតថា បន្ទាប់ពីពួកគេបានធ្វើសកម្មភាព ហើយនោះ ក៏យកពូថៅដែលកាប់ម្ដាយទៅ ទម្លាក់ចោលនៅមាត់សមុទ្រ ក្នុងគោលបំណង បំបាត់ភស្ដុតាង ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលពីប្រជា ពលរដ្ឋនៅពេលដែលគេប្រទះឃើញស្ដ្រីម្នាក់ ត្រូវបានឃាតកម្មប្រើពូថៅកាប់ចំក្បាល បណ្ដាល ឱ្យស្លាប់ក្នុងថ្លុកឈាម ដោយប្លន់ យកគ្រឿងអលង្កាជាមាស ជាង១០តម្លឹង និងលុយមួយចំនួនទៀត ដែលអំពើប្លន់នេះ បានកើតឡើង ខណៈដែលមេឃកំពុងភ្លៀង ផងដែរ ។

ក្រោយធ្វើសកម្មភាពរួចហើយ គេបាន ឃើញកូនស្រីរបស់ស្ដ្រីរងគ្រោះ ដែលមាន ឈាមប្រឡាក់លើដងខ្លួន បានស្រែកទ្រហោ យំនៅមុខផ្ទះ ដែលមើលទៅគួរឱ្យអាណិត អាសូរយ៉ាងខ្លាំង ចំពោះការបាត់បង់ម្ដាយក្នុង រូបភាពបែបនេះ ប៉ុន្ដែបែរជាឃាតកសម្លាប់ ម្ដាយខ្លួនឯង គឺជាកូនស្រីនិងកូនប្រុសរួមដៃ ជាមួយសង្សារនិងអ្នកជិតខាង ទៅប្រព្រឹត្ដ យ៉ាងដូច្នេះ ដែលធ្វើឱ្យមានការថ្កោលទោស យ៉ាងខ្លាំងពីមហាជនទូទៅ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបាន បញ្ជូនទៅសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្ដកោះកុង ដើម្បី ចាត់ការបន្ដតាមនីតិវិធី ៕



ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Koh Kong