CamNews

ព័ត៌មានជាតិ 

កម្ពុជា​សម្រេច​បាន​លទ្ធផល ​លើ​ការ​តំឡើង​ប្រាក់​បៀវត្ស​ ជូន​មន្រ្តី​រាជការ​នៅ​ឆ្នាំនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា(CPP)បានថ្លែងថា CPP សម្រេច ជោគជ័យ ដ៏ធំធេងលើការតំឡើង ប្រាក់បៀវត្សជូនមន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ និងនៅតែរក្សាកំណើន សេដ្ឋកិច្ចបាន ៧ភាគរយក្នុងឆ្នាំ ២០១៥នេះ។

ការថ្លែងរបស់សម្ដេច បែបនេះត្រូវបាន ធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងពិធីប្រារព្ធ អង្គមីន្ទិញ អបអរសាទរ ខួបអនុវស្សាវរីយ៍ លើកទី៦៤ នៃថ្ងៃបង្កើតគណបក្ស ចាប់តាំងពីឆ្នាំ១៩៥។

ក្នុងពិធីដ៏ធំធេងរបស់ គណបក្សប្រជាជនកម្ពុជា នាពេលនេះ មានការអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានកិត្តិយស និងជាប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ ជាន់ខ្ពស់ សមាជិក សមាជិកា ជាង១ម៉ឺននាក់ ទៅទីស្នាក់ការ កណ្តាលគណបក្ស ក្នុងខណ្ឌចំការមន។

សម្ដេចបានថ្លែង បញ្ជាក់ក្នុងឱកាសដ៏មហោឡារិក នោះថា “ចំណុចលេចធ្លោជាងគេបំផុតនៅក្នុងនេះ គឺការដំឡើងបៀវត្សជូនមន្ត្រីរាជការ យោធិន នគរបាលជាតិ និងនិវត្តជន ពិសេសជូនគ្រូបង្រៀន និងគ្រូពេទ្យ ទន្ទឹមនឹងការកែទម្រង់ ប្រព័ន្ធបៀវត្ស និងប្រព័ន្ធរដ្ឋបាល សាធារណៈ ដែលផ្តោតជា សំខាន់លើការធានាបើកប្រាក់បៀវត្ស ជូនមន្ត្រីរាជការឲ្យ បានទាន់ពេលវេលា ក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗតាមប្រព័ន្ធ ធនាគារដោយបើក ផ្តល់ត្រង់ចូលទៅក្នុង គណនីរបស់មន្ត្រីរាជការ ម្នាក់ៗនៅក្នុង ធនាគារពាណិជ្ជ”។

សម្ដេចតេជោបន្តថា ក្នុងវិស័យសេដ្ឋកិច្ច ទោះជាត្រូវបន្តប្រឈមនឹងភាពមិនប្រាកដប្រជា និងហានិភ័យធំៗមួយចំនួនទាំងនៅក្នុង និងក្រៅប្រទេស រួមមានដូចជា គ្រោះមហន្តរាយធម្មជាតិ អស្ថិរភាពនយោបាយ ក៏ដូចជាចលាចល និងភាពមិនច្បាស់លាស់ នៅក្នុងទីផ្សារពលកម្ម នៅក្រោយពេលបោះឆ្នោត ព្រមទាំងការបន្តនៃភាពមិនប្រាកដប្រជានៅក្នុងស្ថានភាពសេដ្ឋកិច្ចសកលយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែឤច សម្រេចបាន នូវកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៣ និងប្រមាណ ៧ ភាគរយ ក្នុងឆ្នាំ ២០១៤ ហើយនៅឆ្នាំ ២០១៥ ការព្យាករណ៍បង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹង ឤចសម្រេចបាន កំណើនជុំវិញ ៧ ភាគរយបន្តទៀត។

សម្ដេចនាយករដ្ឋមន្រ្តីបានបន្ថែមថា ផសស សម្រាប់ប្រជាជនម្នាក់ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងពី ១០៤២ ដុល្លារឤមេរិក នៅឆ្នាំ ២០១៣ ដល់ ១១២៣ ដុល្លារឤមេរិក នៅឆ្នាំ ២០១៤ និង ឤចកើនដល់ ១២២០ ដុល្លារឤមេរិក នៅឆ្នាំ ២០១៥។ អតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានគ្រប់គ្រងឱ្យស្ថិតនៅក្រោម កម្រិត ៥ ភាគរយ ពោលគឺស្ថិតនៅក្នុងរង្វង់ ៣,៥ ភាគរយ ក្នុងឆ្នាំ ២០១៤ និងក្នុងឆ្នាំ ២០១៥។

ក្នុងនោះផងដែរ ការប្រមូលចំណូលថវិការដ្ឋ ពិសេសចំណូល គយ និងពន្ធដារ ត្រូវបានពង្រឹងក្នុងកម្រិតគួរឱ្យកត់សម្គាល់ ដែលត្រូវបានឆ្លុះបញ្ចាំង ឱ្យឃើញ តាមរយៈកំណើនយ៉ាងខ្លាំងនៃចំណូលចរន្តថវិការដ្ឋក្នុងឆ្នាំ ២០១៤ ក្នុងអត្រាប្រមាណ ១១,៧% លើសពីគោលដៅកំណត់ ក្នុងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៤ ឬបានកើនប្រមាណ ២៤,៦% ធៀបនឹង ការអនុវត្ត ក្នុងឆ្នាំ ២០១៣៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល

Tags: Social News Cambodia PP