CamNews

ព័ត៌មានជាតិ 

បើករថយន្ដមក ពីបុណ្យនៅស្រុក បុក ម៉ូតូក្រឡាប់ផ្ងារកង់ ស្លាប់និងរបួស១២នាក់

តាកែវ ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្ដរ៉េវហ្វ័រ និងម៉ូតូម៉ាកហុងដាសេ១២៥ បានបុកគ្នាពេញមួយទំហឹង រហូតធ្វើឱ្យ រថយន្ដ ក្រឡាប់ផ្ងារកង់កណ្ដាលផ្លូវ បានផ្ដាច់ជីវិត ក្មេងប្រុស ចំនួន៣នាក់ ភ្លាមៗនៅនឹងកន្លែង កើតហេតុ រីឯអ្នកបើករថយន្ដ និង អ្នកជិះក្នុង រថយន្ដទាំងក្មេងទាំងចាស់ ស្រីប្រុស ចំនួន៨ នាក់ រងរបួសធ្ងន់ស្រាល ។

នាយផ្នែកនគរបាលចរាចរណ៍ នៃអធិការ ដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្ដតាកែវ លោក សេង ចាន់ថន បានឱ្យដឹងថា គ្រោះថ្នាក់ចរា ចរណ៍ដែលបានផ្ដាច់ជីវិតមនុស្ស៣នាក់និង រងរបួស៨នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ៣-៤ លើកំណាត់ផ្លូវលេខ១៣២ ក្នុង ភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្ដតាកែវ ។

លោកសេង ចាន់ថន បានបន្ដថា គ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្ដរ៉េវ ហ្វ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2W-9460 ធ្វើដំណើរក្នុងទិស ដៅពីលិចទៅកើត លុះមកដល់ ភូមិព្រៃឈើ ទាលលើ បានបុកជាមួយម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ បណ្ដាលឱ្យស្លាប់ ក្មេងប្រុស ដែលជិះម៉ូតូឌុបគ្នា៣នាក់ ពីរនាក់ អាយុ១៤ឆ្នាំ រស់នៅភូមិអូរផុត ឃុំកាភេទ ស្រុកត្រាំកក់ និងម្នាក់ទៀត អាយុ១៧ឆ្នាំ រស់នៅភូមិត្រញំងកប្បាស់ ឃុំកាភេទ ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ រីឯអ្នកបើក រថយន្ដនិងអ្នកជិះនៅក្នុងរថយន្ដ ចំនួន៨នាក់ មានទារកម្នាក់ ក្មេងតូចៗពីរនាក់ និងមនុស្ស ធំ ស្រីពីរនាក់ ប្រុស៣នាក់ ៥នាក់រងរបួស ធ្ងន់ស្រាល ក្នុងនោះរងរបួសធ្ងន់៤នាក់ មាន ទាំងទារកផងដែរ ។

តាមនាយផ្នែកនគរបាលចរាចរណ៍រូបនេះ ភាគីខាងរថយន្ដ ទើបធ្វើដំណើរត្រឡប់មក ពីធ្វើបុណ្យទាន នៅឯស្រុកកំណើត ស្ថិតក្នុង ភូមិតាសូ ឃុំកាភេទ ហើយឆ្ពោះទៅផ្ទះរបស់ ខ្លួន ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះតែម្ដងទៅ ។

បើតាមលោកសេង ចាន់ថន ក្រោយកើត ហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យ រីឯសពត្រូវបានសមត្ថកិច្ចទាក់ទងទៅ ក្រុមគ្រួសារមកទទួលយក ហើយរថយន្ដនិង ម៉ូតូ ត្រូវយកទៅរក្សានៅអធិការដ្ឋាននគរ បាលស្រុកត្រាំកក់ ដើម្បីបន្ដការដោះស្រាយ នៅពេលក្រោយ ។

លោកសេង ចាន់ថន បាននិយាយថា បើ តាមការពិនិត្យជាក់ស្ដែង និងសួរសាក្សីមួយ ចំនួន ពីគ្រោះថ្នាក់ ចរា ចរណ៍ ខាងលើនេះអាច កើតឡើងបណ្ដាលមកពីអ្នកបើកម៉ូតូ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Takeo