CamNews

តារា 

នាយ កុយ ធ្វើ​បុណ្យ​ឧទ្ទិសកុសល​ដល់​កូនប្រុស​ និង​យាយម៉ៅ​ នៅ​ភ្នំពេជ្រនិល

ភ្នំពេញៈ តារាកំប្លែងល្បីឈ្មោះ លោក ជួង ជី ហៅ នាយកុយ នៅព្រឹកនេះ បានរៀបចំពិធី បុណ្យឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបារមី លោក យាយម៉ៅ និងដល់កូនប្រុស របស់លោក ដែលបានស្លាប់ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ និងបារមីវត្ថុស័ក្តិសិទ្ធិ នៅជើងភ្នំពេជ្រនិល ដើម្បីសុំសេចក្តីសុខ មុខឱកាសបុណ្យ ចូលឆ្នាំខ្មែរ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ នេះ តារាកំប្លែងចាស់វស្សា នាយ កុយ បានប្រាប់ឲ្យដឹងថា នៅថ្ងៃនេះ លោក និងក្រុមគ្រួសារ បានមូលមតិគ្នារៀប ចំពិធីបុណ្យមួយ ដែលមានអ្នកចូលរួម ពីទីជិតឆ្ងាយ ប្រមាណជិត១ពាន់នាក់ នៅភ្នំពេជ្រនិល ។ ពិធីបុណ្យនេះ លោកចាប់ផ្តើមប្រារព្ធតាំងពីព្រឹក រហូតដល់ម៉ោង១២ យប់រំលងអធ្រាត្រ នៅក្នុងនោះពេលរាត្រី លោកក៏មានការសម្តែង កំប្លែងផងដែរ។

នាយ កុយ បានប្រាប់ឲ្យដឹងថា “ ខ្ញុំបានប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំហើយសម្រាប់ មូលហេតុក្នុងការធ្វើបុណ្យនេះ គឺមិនមានអ្វីច្រើនទេ ពោលគឺដោយសារតែខ្ញុំ និងគ្រួសារគិតថា នៅទីកន្លែងនេះ ជាកន្លែងដែលមានបារមីស័ក្តិសិទ្ធ ផ្តល់នូវសេចក្តីសុខសប្បាយ ដល់កូនចៅ ។ ម្យ៉ាងទៀតក្រៅពី ការឧទ្ទិសបុណ្យកុសលជូន លោកយាយ ម៉ៅ ខ្ញុំក៏មានការធ្វើបុណ្យ ជូនដល់អ្នកទទួលមរណភាព នៅតាមដងផ្លូវនេះ រួមជាមួយ កូនប្រុសខ្ញុំផង ” ។

លោកបានប្រាប់ទៀតថា នៅក្នុងពិធីបុណ្យ តាមប្រពៃណីខ្មែរមួយនេះ លោកនិងគ្រួសារ បានចំណាយលុយពី៤-៥ពាន់ដុល្លារ ព្រោះថា ក្រៅពីការរៀបចំ បុណ្យលោក ក៏មានការចែក អំណោយ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ។ នេះគឺជាសណ្តានចិត្ត របស់លោក និងគ្រួសារ ។ សម្រាប់អ្នក ចូលរួមផ្តើមបុណ្យនោះ គឺលោកមិនបាន ដឹងច្បាស់ទេ ថាមានតារាឬ ក៏ប្រជាពលរដ្ឋណាខ្លះទេ តែមុនថ្ងៃបុណ្យលោកធ្លាប់ប្រកាសជា សាធារណៈថា ប្រសិនបើមានសប្បុរសជន ណាចង់ចូលរួមធ្វើបុណ្យ គឺអាចមកជួបជុំ នៅកន្លែងយាយម៉ៅបាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news