CamNews

ព័ត៌មានជាតិ 

ព្រែកទាល់ ជាតំបន់អេកូឡូស៊ី ដ៏គួរឲ្យជក់ចិត្ត ហើយក៏ជាតំបន់ ដែលកុមារកម្ពុជា មិនបានរៀនសូត្រ ខ្ពស់ដែរ

-ក្នុងចំណោមក្មេងចំនួន ៣៥០០ នាក់ នៅព្រែកទាល់ ដែលស្ថិតក្នុងអាយុក្រោម ១៨ឆ្នាំ មានតែ១០០ នាក់ប៉ុណ្ណោះ ដែលបានចូលរៀន នៅសាលាបឋមសិក្សា ហើយមានតែ១០នាក់ ដែលបានចូលរៀន នៅវិទ្យាល័យ

ដោយៈ ឯកអគ្គរដ្ឋទូតអាម៉េរិក William E.Todd ប្រចាំនៅកម្ពុជា

ភ្នំពេញៈ ខ្ញុំនឹកឃើញដល់សម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលរបស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេល ចុះទៅភូមិព្រែក ទាល់ និងជម្រកសត្វស្លាប ដែលនៅក្បែរខាងនោះ កាលពីពេលថ្មីៗនេះ ។ ដោយស្ថិតនៅមិនឆ្ងាយពីក្រុងសៀមរាប វាគឺជាប្រព័ន្ធបរិស្ថាន អេកូឡូស៊ីដ៏គួរឲ្យជក់ចិត្ត ដែលពោរពេញទៅដោយរុក្ខជាតិ និងជីវិតសត្វ ។ គ្រាន់តែធ្វើដំណើរ ទៅកាន់ទីជម្រកនោះ ក៏ជារឿងផ្សងព្រេងមួយដែរ ដែលជាការជិះទូករយៈពេល ២ ម៉ោង ឆ្លងកាត់ព្រៃកោងកាង ដ៏ ស្រស់បំព្រង និងព្រៃលិចទឹក ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ដូចជម្រកសត្វដែរនោះ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រជាជន ដែលខ្ញុំបាន ជួប នៅក្នុងសហគមន៍នេសាទព្រែកទាល់ ។ រឿងនេះមានការទាក់ទងយ៉ាងជិតស្និទ្ធ ទៅនឹងជម្រកសត្វ និងបឹងទន្លេ សាបជាទីគួរឲ្យចាប់អារម្មណ៍ ។

ប្រជាជនដែលរស់នៅ តាមទន្លេសាប គឺជាអ្នកខំធ្វើការ ។ ជីវភាពរស់នៅ និងស្បៀងអាហាររបស់គេ ពឹងផ្អែកលើត្រី តែធនធានដ៏មានតម្លៃនេះ មិនមែនមានគ្រប់ពេលនោះទេ ។ ការប្រែប្រួលអាកាសធាតុ ទឹកភ្លៀង និងភាពរាំងស្ងួតធ្វើ ឲ្យការនេសាទមានការពិបាក ហើយរកាំចិត្ត ។ ក្នុងនាមជាអ្នកនេសាទម្នាក់ដែរ ដើម្បីចាប់ត្រីបាន គេត្រូវមានការអត់ ធ្មត់ ហើយផ្ចង់អារម្មណ៍ ។ ដោយលឺពីការលំបាក ដែលគេជួបប្រទះរាល់ថ្ងៃ ហើយដោយដឹងថា វាគ្មានដំណោះស្រាយ ស្រួលទេនោះ ធ្វើឲ្យខ្ញុំដឹងពីការពិបាកក្នុងការរស់នៅ និងធ្វើការនៅព្រែកទាល់ ។

តែក្នុងពេលដែលខ្ញុំស្តាប់រឿងរបស់គេ បញ្ហាមួយដែលគេលើកឡើងម្តងហើយម្តងទៀត គឺការសិក្សានៃកូនរបស់គេ ។ ក្នុងចំណោមក្មេងចំនួន ៣៥០០នាក់ នៅព្រែកទាល់ ដែលស្ថិតក្នុងអាយុក្រោម ១៨ឆ្នាំ មានតែ១០០ នាក់ប៉ុណ្ណោះ ដែលបានចូលរៀន នៅសាលាបឋមសិក្សា ហើយមានតែ ១០ នាក់ប៉ុណ្ណោះ ដែលបានចូលរៀននៅវិទ្យាល័យ ។

ក្នុងនាមជាឪពុកម្នាក់ ការអប់រំសម្រាប់កូនរបស់ខ្ញុំ គឺជាអាទិភាពកំពូលមួយ ក្នុងចំណោម អាទិភាពកំពូល ក្នុងជីវិត របស់ខ្ញុំ ។ ដូច្នេះ ខ្ញុំយល់បានថា ហេតុអ្វីក៏ឪពុក-ម្តាយ នៅក្នុងសហគមន៍នេះ មានកង្វល់ច្រើនពីការសិក្សា ។  ការ សិក្សាគឺជាមធ្យោបាយមួយ ដែលកុមារទាំងអស់ត្រូវការ ដើម្បីឲ្យគេអាចចិញ្ចឹមខ្លួនដោយខ្លួនឯងបាន ហើយផ្តល់ ឱកាសដល់កូនរបស់គេ នៅពេលអនាគត ។

ក្រោយពីបាននិយាយជាមួយអ្នកនេសាទ ខ្ញុំបានទៅមើលកន្លែងសត្វស្លាបពងកូន នៅតំបន់កណ្តាលព្រែកទាល់ ដែល ជាផ្នែកមួយ នៃតំបន់អភិរក្សជីវសាស្រ្ត នៅបឹងទន្លេសាប និងតំបន់សម្រាប់ការបន្តពូជនៃសត្វស្លាបទឹកធំៗចំនួនជាង ១០០ ០០០ ដែលមានពូជខុសគ្នាចំនួន ១២ ។ ដោយអាកាសធាតុ និងបរិស្ថានធម្មជាតិមានការប្រែប្រួល ពូជសត្វ ព្រៃក្នុងស្រុក ដែលភាគច្រើនជាពូជសត្វកម្រ នៅមានសល់តិចតួច ។ សត្វទាំងនោះ បាត់បង់ជម្រកធម្មជាតិរបស់វា យ៉ាងរហ័ស ដែលជាការធ្វើឲ្យចំនួនរបស់វាមានការថយចុះ ។ ហេតុដូច្នេះហើយ បានជាខ្ញុំមានចិត្តរីករាយដោយមើល ឃើញថា សហគមន៍នេសាទ ព្រែកទាល់មានការចូលរួមយ៉ាងជ្រាលជ្រៅ នៅក្នុងការការពារ និងការគ្រប់គ្រងជម្រក សត្វស្លាប ដែលនៅជាប់នឹងផ្ទះរបស់គេ ។ ដោយមានជំនួយពីរដ្ឋាភិបាល សហរដ្ឋអាមេរិក អ្នកភូមិនេសាទ ត្រូវបាន បង្រៀន ពីការងារជាអ្នកល្បាតព្រៃ តាមដាន និងរាយការណ៍ពីសត្វស្លាបនៅកន្លែងជម្រក ។

អ្នកល្បាតព្រៃឡើងលើធ្នើ ដែលគេធ្វើនៅលើដើមឈើ សម្រាប់មើលទៅជម្រកសត្វ ។ គេអាចស្ថិតនៅកន្លែងស្ថានីយ របស់គេម្តងៗ រហូតដល់ចំនួន១០ថ្ងៃ ដោយតាមមើលសត្វស្លាបផ្សេងៗ ដែលកំពុងរស់នៅកន្លែងនោះ យ៉ាងជិតដិត។ ការខិតខំរបស់អ្នកល្បាតទាំងនោះ ព្រមជាមួយនឹងការខិតខំរួមគ្នា របស់អាជ្ញាធរមូលដ្ឋាន និងស្ថានទូតអាមេរិក បានធ្វើ ឲ្យចំនួនសត្វស្លាបមានកំណើនគួរឲ្យកត់សម្គាល់ ។

ប្រព័ន្ធបរិស្ថានអេកូឡូស៊ីដ៏មានតម្លៃនេះ កំពុងតែទទួលបានមកវិញ បន្តិចម្តងៗនូវភាពល្បីរបស់វា ជាអ្នករក្សាចំនួនពូជ សត្វ និងរុក្ខជាតិដ៏ច្រើននៃតំបន់ ។ វាគឺជាដំណើរ និងបទពិសោធន៍ដ៏អស្ចារ្យ ដែលខ្ញុំមិនអាចបំភ្លេចបាន ។ ការ និយាយជាមួយគ្រួសារអ្នកភូមិព្រែកទាល់ និងការបានឃើញទីជម្រកសត្វស្លាបដ៏ស្រស់ បញ្ជាក់ជាថ្មីម្តងទៀតពីសារៈ សំខាន់ ដែលប្រជាជនកម្ពុជា ត្រូវការពារធនធានដ៏មានតម្លៃរបស់គេ ។ ខ្ញុំសូមអរគុណអ្នកទាំងអស់ ដែលខ្ញុំបានជួបជា មួយ ដែលបានចំណាយពេលរ៉ាយរ៉ាប់ប្រាប់ខ្ញុំ ។ ខ្ញុំមានការចាប់អារម្មណ៍ ហើយមានកម្លាំងចិត្ត ចំពោះការប្តេជ្ញាចិត្ត របស់គេចំពោះសហគមន៍ និងបរិស្ថានរបស់គេ ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia PP