CamNews

ព័ត៌មានជាតិ 

សម្ដេចនាយករដ្ឋមន្រ្តី ស្ដីបន្ទោសមន្រ្តី ដាក់ស្លាកសញ្ញាអប់រំ មិនត្រូវតាមគោលដៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៥ ក្នុងទិវាមច្ឆជាតិ ១កក្កដា ដែលធ្វើឡើង នៅសុ្រកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ដីបន្ទោសដល់មន្ត្រីជលផល និងមន្រ្តីក្រសួងសុខាភិបាល ដែលបានដាក់ស្លាកសញ្ញាអប់រំ មិនត្រឹមត្រូវតាមគោលដៅ។

សម្ដេចតេជោ បានថ្លែងថា មន្រ្តីជលផលបានយកស្លាកសញ្ញា កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ នេសាទត្រី ដែលស្លាកនេះ មានការឧបត្ថម្ភពី USAID និងសហគមន៍អឺរ៉ុប ទៅដាក់នៅក្បែរផ្ទះ សម្ដេចក្បែរវិមានឯករាជ្យ មិនព្រមយកទៅដាក់នៅតំបន់ ដែលប្រជាពលរដ្ឋ នេសាទត្រី។

សម្ដេចបានបន្តថា «មិនយកមកដាក់កន្លែងគេនេសាទ យកទៅដាក់ក្បែរផ្ទះ នាយករដ្ឋមន្រ្តី ទៅដាក់វិមានឯករាជ្យ ដែលគេសុទ្ធតែជិះឡាន ជិះម៉ូតូ។ អត់មានដឹងអីបន្តិច!»។

សម្ដេចនាយករដ្ឋមន្រ្តី បានបន្ថែមថា នៅក្នុងកម្មវិធីយុទ្ធនាការ អប់រំប្រជាពលរដ្ឋឲ្យបំបៅកូនដោយទឹកដោះ មន្ត្រីក្រសួងសុខាភិបាល មិនយកបដា សូមបំបៅកូនដោយទឹកដោះ ទៅដាក់នៅភ្នំពេញ ទីប្រជុំជនទេ បែរជាយកទៅដាក់នៅតំបន់ដាច់ ស្រយាលវិញ។

សម្ដេចបានបញ្ជាក់ថា «បំបៅកូនដោយទឹកដោះ គួរធ្វើនៅទីក្រុង និងទីប្រជុំជន ដែលក្មួយៗមួយចំនួន ដែលមានកូន ប្រញាប់ឆាប់ (ចង់) បានដើរលេង បំបៅទឹកដោះម្ដាយ ត្រឹមតែ២-៣ថ្ងៃតែប៉ុណ្ណឹង បន្ទាប់ទៅគឺ (បៅ) ទឹកដោះគោ រួចហើយមិនខ្ចីឲ្យកូនមក ដេកជាមួយទៀត។ មេដោះរហូត!។ អញ្ចឹងទេគួរតែធ្វើ នៅភ្នំពេញ និងទីប្រជុំជន មិនមែនទៅហែក្បួន អ្នកជនបទ បើទោះបីជា ប្រដៅគាត់ប៉ុណ្ណា មិនប្រដៅគាត់ ក៏គាត់គង់តែឲ្យ បៅទឹកដោះម្ដាយដែរ ព្រោះគាត់អត់មាន លុយទិញទឹកដោះគោ»។

យ៉ាងណាក៏ដោយ ការដាក់ស្លាកសញ្ញា អប់រំទាំងខុសទិសដៅ ត្រូវបានគេដឹងជាទូទៅថា មន្រ្តីទាំងនោះ យកគាប់គួរនិងផ្គាប់ចិត្ត ថ្នាក់ដឹកនាំតែប៉ុណ្ណោះ មិនបានបំរើប្រជាពលរដ្ឋ ឱ្យអស់ពីចិត្តពីថ្លើមនោះទេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP