CamNews

ព័ត៌មានជាតិ 

កម្ពុជាបន្ត ធ្វើម្ចាស់ផ្ទះ អានព្រះត្រៃបិដក អន្តរជាតិ នៅឥណ្ឌា ឆ្នាំ២០១៥

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការដឹកនាំសមាជិក អានព្រះត្រៃបិដកខ្នាតអន្តរជាតិ នៅប្រទេសឥណ្ឌានោះ នៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ ព្រះសង្ឃ និងពុទ្ធបរិស័ទកម្ពុជា នឹងបន្តដឹកនាំសកម្មភាពនេះទៀត។

បន្ទាប់ពីបានដឹកនាំធម្មយាត្រា អានព្រះត្រៃបិដកថ្នាក់អន្តរជាតិ នៅប្រទេសឥណ្ឌាវិញ នៅម៉ោង៩ និង៣០យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នាព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ព្រះអង្គ ពឿយ មេត្តា ប្រធានគណៈធម្មយាត្រា បានមានថេរៈដីកាថា កម្ពុជាបានរៀបចំ ធ្វើជាម្ចាស់ផ្ទះអានព្រះត្រៃបិដក ថ្នាក់អន្តរជាតិនេះ បានជោគជ័យខ្លាំងណាស់ ព្រោះមានព្រះសង្ឃ ចូលរួមជាច្រើនប្រទេសរាប់ពាន់អង្គ និងមានពុទ្ធបរិស័ទចូលរួមជាច្រើនពាន់ផងដែរ។

ព្រះអង្គមានថេរៈដីកាបន្តថា “កម្ពុជាធ្វើជាម្ចាស់ផ្ទះ ២ឆ្នាំជាប់គ្នា ឆ្នាំ២០១៤-២០១៥ ដែលជាការអានព្រះត្រៃបិដក ថ្នាក់អន្តរជាតិលើកទី១០ និងទី១១នៅប្រទេសឥណ្ឌា ហើយកិច្ចការនេះ បានសហការជាមួយក្រុមហ៊ុន ស្កាយអង្គរអ៊ែឡាញ (Sky Angkor Air Line) និងមហាអង្គរទេសចរណ៍ ដែលមានអាត្មាផ្ទាល់ និងមានគណៈកម្មការ ទាំង១០ប្រទេស បានដឹកនាំសូត្រព្រះត្រៃបិដកអន្តរជាតិ អីចឹងយើងបានឱកាស ហោះទៅតំបន់ពុទ្ធគយាជាលើកទីមួយ”។

ព្រះអង្គ ពឿយមេត្តា បានបញ្ជាក់ថា គណៈធម្មយាត្រានេះ មិនត្រឹមតែបានដឹកនាំ អានព្រះត្រៃបិដកនោះទេ គឺថែមទាំងបានទៅចូលថ្វាយបង្គំ នៅតាមទីឋានពុទ្ធស្ថាន មានកន្លែងព្រះប្រសូត្រ, ត្រាស់ដឹង, បរិនិព្វាន និងសម្តែងព្រះធម្មចក្រជាដើម។

ជាមួយគ្នានេះ ព្រះអង្គបានក៏បាន សូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានបរិច្ចាកថវិកា ២០០០ដុល្លារ សម្រាប់រៀបចំកម្មវិធី និង១០.០០០ដុល្លារទៀត សម្រាប់កសាងវត្តនៅក្នុងប្រទេសឥណ្ឌា និងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសជាច្រើនទៀត ដែលបានបរិច្ចាទាំងកម្លាំងកាយ និងថវិកាជាច្រើនដើម្បីចូលរួមក្នុងកម្មវិធីនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស សូមជួយចូលរួមបរិច្ចាកថវិកាបន្ថែមទៀត ដើម្បីរៀបចំកម្មវិធីអានព្រះត្រៃបិដក នៅឆ្នាំ២០១៥បន្តទៀត។ និងនៅក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ខាងមុខនេះ នឹងដឹកនាំគណៈធម្មយាត្រ ទៅថ្វាយបង្គំតាមពុទ្ធស្ថានបន្ត ប៉ុន្តែទាន់ទៅរៀបចំកម្មវិធី អានព្រះបិដកនោះទេ បើពុទ្ធបរិស័ទ ណាមួយ ចង់ទៅចូលរួមអាចទំនាក់ទំនង នៅកុដិលេខ៣៥ វត្តបទុមតី រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០១៧ ២៩៣ ០៥៩។

ព្រះអង្គ ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលប្រទេសឥណ្ឌា ដែលបានរៀបចំកម្លាំងការពារ ក្នុងកម្មវិធីនេះ បានយ៉ាងល្អ និងសុវត្ថិភាពជាទីបំផុត មិនមានអ្វីអាកខាននោះទេ។

សូមបញ្ជាក់ថា គណៈធម្មយាត្រា ដែលដឹកនាំដោយព្រះអង្គ ពឿយ មេត្តា ទៅប្រទេសឥណ្ឌានេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីទៅចូលរួមកម្មវិធី អានព្រះត្រៃបិដកអន្តរជាតិ រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែធ្នូ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP