CamNews

ព័ត៌មានជាតិ 

រថយន្តលុច្សស៊ីស បើកកៀរនារីម្នាក់ ខណៈកំពុងជិះម៉ូតូ បណ្តាលឲ្យដួល អូសចម្ងាយ ១០ ម៉ែត្រ

កំពង់ឆ្នាំងៈ នារីម្នាក់បាន រងរបួសធ្ងន់ ខណៈកំពុងជិះ ម៉ូតូត្រូវបាន រថយន្ត១គ្រឿង បើកមកកៀរឲ្យដួល និងអូសជាង១០ម៉ែត្រ កាលពីវេលាម៉ោង ៨ និង៥៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ រីឯរថយន្ត ហាយឡេនឌ័មួយគ្រឿងទៀត បើកពីក្រោយ ចាប់ហ្វ្រាំង មិនទាន់បុករថយន្តលុច្សស៊ីស បន្តកន្ទុយគ្នា ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

នគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូចំនួន៤គ្រឿង ធ្វើដំណើរ ពីភ្នំពេញ ទៅខេត្តពោធិ៍សាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងនោះម៉ូតូនារីរងគ្រោះម៉ាក ហ្វីណូ ពាក់ស្លាកលេខ ភ្នំពេញ 1BD. 2022 បានជិះមុខគេ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកលុច្សស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2Z. 3934 បើកបរដោយបុរស ឈ្មោះ ឆាយ រំភើយ អាយុ៤១ឆ្នាំ បានវ៉ារថយន្ត មួយគ្រឿងក្នុងដំណើរស្របទិសគ្នា ហើយក៏ជ្រុលទៅកៀរ នឹងម៉ូតូរបស់នារីរងគ្រោះ បណ្តាលឲ្យ ដួលចូលក្រោមរថយន្ត និងអូសនារីរងគ្រោះជាង១០ម៉ែត្រ។ ខណៈនោះរថយន្តម៉ាកហាយឡនឌឺ ១គ្រឿងទៀត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2Z. 3442 បើកមកពីក្រោយចាប់ហ្វ្រាំង មិនទាន់ក៏ បុកគូថរថយន្តឡុចស៊ីសកំពិតផ្នែកខាងមុខ។

ក្រោយកើតហេតុ នារីរងគ្រោះបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកមធ្យោបាយធ្វើដំណើរទាំង ៣គ្រឿង ត្រូវបាននាំមក រក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី ៕ 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kompong Chnang