CamNews

តារា 

ម៉ាដូណា ផ្ទុះសំឡេងរិះគន់ លើចរិតឫកពារ ពេលចូលរួមក្នុងកម្មវិធី "សំឡេងយុវជន"

ភ្នំពេញ៖ តារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញគួរសម លោក ម៉ាដូណា ឬមីស្ទើឃ្វីន មានប្រិយមិត្ត ជាច្រើន បានស្គាល់ថា លោកជាតារាកំប្លែង មានលក្ខណៈអំណោយផល ព្រោះលោកនិយាយអ្វី មានលក្ខណៈគួរឲ្យចង់សើច ពិសេសពេលធ្វើមុខដូចសេះ និងឡើងសម្ដែងរបាំ បែបជប៉ុនម្ដងៗ ។ ថ្មីៗនេះ លោក ម៉ាដូណា លោក យូឌីស្កូ កញ្ញា ម៉ាក សែន សូនីតា និង កញ្ញា សោភ័ណ្ឌ លីនដា បានរួមគ្នាសម្ដែង នៅក្នុងកម្មវិធី "សំឡេងយុវជន" ដែលជាកម្មវិធី បង្ហាញសមត្ថភាព របស់យុវជន ។

កម្មវិធីនេះ ក៏ជាកម្មវិធីល្បីល្បាញខ្លាំង របស់ស្ថានីយទូរទស្សន៍បាយ័ន ព្រោះកម្មវិធីនេះ បានធ្វើឲ្យនាង នូ សុវណ្ណធីតា ល្បីល្បាញមិនតិចទេ ក្រោយពីបែកធ្លាយវីដេអូ នាងច្រៀងបទចម្រៀង Prince Tag ជាមួយការ បញ្ចេញសំឡេងជា ភាសាអង់គ្លេស ញាក់សាច់ រួចមក ។ ចំណែកក្រុមតារាកំប្លែង ម៉ាដូណា រួមទាំងតារាល្បី បីរូបទៀត បានសម្ដែងយ៉ាងល្អឥតខ្ចោះ ចេញពីចិត្តពីថ្លើម ។ តែអ្វីដែលសំខាន់ ទស្សនិកជនមួយចំនួន បានរិះគន់ ទៅលើការនិយាយស្ដី របស់តារាកំប្លែង ម៉ាដូណា ថាមិនសូវសមរម្យ ។

ទស្សនិកជនម្នាក់ បាននិយាយថា ការកំប្លែងជារឿងពិបាក ព្រោះការធ្វើឲ្យមនុស្សសើច ជារឿងពិបាកបំផុត មិនមែនរឿងងាយស្រួលទេ តែការកំប្លែងក៏មិនចាំបាច់ និយាយពាក្យចំអេសចំអាស ច្រើនពេក ដើម្បីឲ្យអ្នកទស្សនាសើចដែរ ។ សម្រាប់ការនិយាយស្ដី និងចរិកឫពារ របស់ ម៉ាដូណា តាមកញ្ចក់ទូរទស្សន៍ ពិបាកទទួលយកណាស់ ។ ទស្សនិកជនដដែលបាននិយាយថា រ៉ូលីន និយាយកំប្លែងដែរ តែមិនសូវចំអេសចំអាស ពិសេស រ៉ូលីនរៀបចរិកឫកពារ បានសមរម្យទោះ ជាមនុស្សភេទទី៣ តែមានសេចក្ដីថ្លៃថ្នូរ ។

ការរិះគន់នេះ អាចជាលើកទី១ សម្រាប់តារាកំប្លែង ម៉ាដូណា ព្រោះតារាកំប្លែងរូបនេះ មិនសូវជាល្បីល្បាញ ដូចជា រ៉ូលីន ដូចនេះ មិនសូវជា មានអ្នកចាប់អារម្មណ៍ ។ តែដល់ពេលគេចាប់ អារម្មណ៍ ក៏មានរឿងមិនល្អតែម្ដង ។ សម្រាប់ស្ថានីយទូរទស្សន៍ ក៏គួរតែពិនិត្យមើលឡើងវិញ ទៅលើពាក្យពេចន៍ ក្នុងការនិយាយតាមកញ្ចក់ ទូរទស្សន៍ របស់ពិធិករ-ពិធីការិនី ទាំងនេះផងដែរ ។

គេហទំព័រ LookingTODAY នៅមិនទាន់អាចទទួលការបកស្រាយពីសំណាក់ តារាកំប្លែង និងជាតារាបង្ហាញម៉ូដ លោក ម៉ាដូណា បាននៅឡើយទេ ជុំវិញមតិរិះគន់ក្នុងកម្មវិធីនេះ ។ តែយ៉ាងណាមិញ LookingTODAY នឹងរង់ចាំការបកស្រាយបំភ្លឺផ្សេងៗ ពីលោក ម៉ាដូណា នៅពេលក្រោយ ដើម្បីឲ្យមហាជន អស់ការសង្ស័យ និងក្នុងន័យស្ថាបនាខ្លួនឯង ឲ្យល្អជាងនេះផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news