CamNews

ព័ត៌មានជាតិ 

ក្រុមម៉ូតូកង់បី ជាង១០០នាក់ ផ្ទុះហិង្សាវាយតប់គ្នា បង្កភាពអនាធិតេយ្យ នៅមុខរ៉ារថភ្លើង សង្កាត់ស្រះចក

ភ្នំពេញៈ នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង៧យប់ ក្រុមម៉ូតូកង់៣ប្រមាណជាង ១០០នាក់ ដែលម្ខាងជា សមាជិករបស់លោក វន ពៅ និងម្ខាងទៀត ជាសមាជិករបស់លោក ឯ សុភាស់ បានឈ្លោះប្រកែកគ្នា រហូតបង្កជា អំពើហិង្សា យ៉ាងអនាធិតេយ្យ នៅម្តុំមុខរ៉ារថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើហិង្សានេះបង្កឡើងដោយ ក្រុមម៉ូតូកង់បីបានឈ្លោះប្រកែកគ្នារឿង ដណ្តើមម៉ូយ ហើយក្រុមទាំងសងខាងបានកែនបបួលគ្នារហូតក្រុមម្ខាងៗ មានគ្នាប្រមាណពី ៥០នាក់ទៅ៦០នាក់ បង្កជាអំពើហិង្សា វាយតប់គ្នា បែកក្បាល ខ្លះរងរបួសធ្ងន់ ស្រាល ប្រមាណ៤ទៅ ៥នាក់។

ក្រោយសមត្ថកិច្ចចុះធ្វើអន្តរាគម ក្រុមម៉ូតូកង់បីខាងលើបានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជនរងគ្រោះត្រូវបានដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើក្រុមម៉ូតូកង់បី ថា តែងតែបង្ករឿង រហូត ដល់ប្រើអំពើហិង្សា ជាពិសេសនៅពេលមានរឿងម្តង គេតែឃើញក្រុមម៉ូតូកង់បី ប្រដាប់ដោយ អាយឌី និងឧបករណ៍ បង្កហិង្សា ចេញមុខធ្វើការជំនួសកម្លាំងសមត្ថកិច្ច។ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ជួយពិនិត្យ និងចុះធ្វើការណែនាំ ដើម្បីរឹតបន្តឹងច្បាប់ ដើម្បីសន្តិសុខជូនដល់ពួកគាត់ដែលរស់នៅក្នុងតំបន់នេះផង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP