CamNews

ព័ត៌មានជាតិ 

អ្នកបើករថយន្ដ CHEVROLET ពាក់ ស្លាកលេខ ៣២.០០៩ បាញ់៣គ្រាប់ នៅ សង្កាត់បឹងព្រលឹត

ភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងព្រលឹត ខណ្ឌ៧មករា បានឱ្យដឹងថា កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្ទះលេខ៣៧ ផ្លូវលេខ១០៥ ក្រុម៦ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានករណីផ្ទុះអាវុធចំនួន៣ គ្រាប់ដែលបង្កឡើង ដោយអ្នកបើករថយន្ដ CHEVROLET ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ ៣២.០០៩ រួចហើយគេច ខ្លួនដោយសុវត្ថិភាព ។

នាយនគរបាលប៉ុស្ដិ៍បឹងព្រលឹត លោក ប៉ាត សំណាត បានដកស្រង់សំដីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ មានរថយន្ដ មួយគ្រឿង ដូចខាងលើ បានធ្វើដំណើរយ៉ាង លឿន តាមផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវលេខ២៣២ កែងផ្លូវលេខ១០៥ ក៏បើកកញ្ចក់រថយន្ដខាងឆ្វេង បាញ់ចំនួន៣គ្រាប់ ដោយកាំភ្លើង រួចបន្ដដំណើរទៅលិច តាមផ្លូវលេខ២១៤ បាត់ទៅ ។

នាយនគរបាលប៉ុស្ដិ៍រូបនេះ បានបញ្ជាក់ ទៀតថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច របស់លោក បានចុះទៅពិនិត្យមើល ប៉ុន្ដែពុំ ឃើញសំបកកាទូស ហើយក៏មិនមានរង របួសដល់ប្រជាពលរដ្ឋណាម្នាក់ និងខូចខាតសម្ភារៈនោះដែរ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ លើករណីនេះបន្ដទៀត ។

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP