CamNews

ព័ត៌មានអន្តរជាតិ 

ហេតុការណ៍ ផ្ទុះបាក់អគារ កើតឡើងនៅ ក្រុងញ៉ូវយក

ញូយ៉ក៖ ប្រភពព័ត៌មាន ពីគេហទំព័រ CNN បានឲ្យដឹងថា មានហេតុការណ៍ផ្ទុះដ៏ធំមួយ បានកើតឡើងនៅថ្ងៃពុធនេះ បណ្តាលឲ្យស្រ្ដី ២នាក់បានស្លាប់ និងមនុស្ស ១៨នាក់ រងរបួស ហើយជាលទ្ធផលបណ្តាលឲ្យអគារ ២ខ្នងត្រូវដួលរលំ និងអណ្តាតភ្លើង បានឆាបឆេះឡើង នៅក្នុងតំបន់ Manhattan ភាគខាងលិចក្រុង Harlem។ នេះបើយោង តាមការលើកឡើង របស់អាជ្ញាធរនៅកន្លែងកើតហេតុ។

លោក Bob McGee អ្នកនាំពាក្យម្នាក់បាននិយាយថា អ្នកផ្គត់ផ្គង់ឧស្ម័នបានទទួលទូរសព្ទមួយ ដែលបាន ផ្តល់ដំណឹងពីការធ្លាយចេញនូវឧស្ម័ន នៅវេលាម៉ោងប្រមាណ៩និង១៣នាទីព្រឹក។ ដោយទូរសព្ទនេះ មានប្រភពមកពីប្រជាពលរដ្ឋដែលរស់នៅក្នុងអគារមួយទើបសាងសង់ថ្មីនៅតាមបណ្តោយវិថី Park។ ក្រុមការងារបានទៅកន្លែងកើតហេតុ ក្រោយពេលការផ្ទុះនេះកើតឡើងបានរយៈពេលពីរនាទី។

ផ្សែងពពកខ្មៅបានហោះហើរគ្របដណ្តប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ បន្ទាប់ពី ហេតុការណ៍ផ្ទុះនេះកើតឡើង។ ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ បានប្រើប្រាស់បំពង់ទឹកពន្លត់ភ្លើង។ គួរបញ្ជាក់ថា ការដឹកអ្នកដំណើរតាមផ្លូវក្រោមដីត្រូវបានផ្អាកមួយរយៈដោយសារការរំខានពីកំទេចនានា ដែលកើតចេញពីការផ្ទុះនេះ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង មន្ត្រីប៉ូលីសប្រចាំទីក្រុង ញ៉ូវយកបានប្រញ៉ាប់ប្រញ៉ាល់ទៅកាន់កន្លែងកើតហេតុ។ កម្មករម្នាក់ដែលធ្វើការនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា អគារចំនួនពីរបានដួលរលំ ហើយលោកសង្ឃឹមថា គ្មានមនុស្សស្ថិតនៅក្នុងអគារនោះចុះ ព្រោះវាបានដួលរលំក្លាយជាកំទេចកំទីអស់ទៅហើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: International News