CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ ឆេះផ្ទះមន្ដ្រីទ័ពអាកាស មួយខ្នង នៅសង្កាត់ឃ្មួញ

ភ្នំពេញ ៖ ផ្ទះមួយខ្នងប្រភេទថ្មក្រោម ឈើលើ ប្រក់សង្ក័សី ដែលជាកម្មសិទ្ធរបស់ លោកវ៉ាន់ កុសល អាយុ៥៥ឆ្នាំ ជាមន្ដ្រីយោធា នៅទ័ពអាកាស ស្ថិតនៅក្រុមទី៣ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានអគ្គិ ភ័យឆេះ បំផ្លាញទាំងស្រុក គ្មានសល់ក្នុងរយៈ ពេលប្រមាណ៣០នាទី ទំរាំមានការជួយ អន្ដរាគមន៍ របស់សមត្ថកិច្ច ពន្លត់ អគ្គិភ័យ អាជ្ញា ធរនិងសមត្ថកិច្ចមូលដ្ឋាន ។

គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ហើយ រលត់ទៅវិញ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃដដែល ដោយ​មាន​រថយន្ដ​ពន្លត់​អគ្គិភ័យចំនួន៧គ្រឿង ហើយបាញ់ពន្លត់៥គ្រឿង ទើបអគ្គិភ័យបានរលត់ទៅវិញ ដោយមិនរីក រាលដាល​ទៅកាន់​ផ្ទះប្រជាពលរដ្ឋ ផ្សេងទៀត នោះឡើយ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យ ខាងលើនេះ បណ្ដាល​មក ទុស្សេខ្សែភ្លើងបាន ធ្វើឱ្យមានផ្សែងហុយនិងចេញជាអណ្ដាតភ្លើង ខណៈ​ដែលកូន​ស្រីម្ចាស់​ផ្ទះនៅតែម្នាក់ឯង ទើបមានការភ្ញាក់ផ្អើលនិងឆោឡោក៏ ទាក់ ទងភ្លាមៗទៅកាន់ សមត្ថកិច្ច ពន្លត់ អគ្គិ​ភ័យ​បញ្ជូន រថយន្ដទៅ បាញ់បន្លត់ជាបន្ដបន្ទាប់ ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយពីជួយ អន្ដរាគមន៍អស់រយៈពេលប្រមាណ៣០នាទី រួចមក ទើបភ្លើង បានរលត់ ទៅវិញជាស្ថាពរ ដោយមិនប៉ះពាល់ផ្ទះប្រជាពលនៅជិតខាង នោះឡើយ ។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះអគ្គិ ភ័យ ដែលឆេះបំផ្លាញផ្ទះមន្ដ្រីយោធានៅទ័ព អាកាសខាងលើនេះ មិនទាន់ដឹងពីទំហំនៃ ការ ខូចខាតនៅឡើយទេ ដោយរង់ចាំការ ស្រង់ស្ថិរតិនិងសួរនាំម្ចាស់ផ្ទះជាមុនសិន ៕





ផ្ដល់សិទ្ធិដោយ ៖ ដើមអម្ពិល


Tags: Social News phnom penh Cambodia​Sen Sok