CamNews

ព័ត៌មានជាតិ 

ព័ត៌មានអនឡាញ ល្បីៗនៅកម្ពុជា ផ្តើមចលនាប្រឆាំង ការលួចចម្លងស្នាដៃ ព័ត៌មាន

ភ្នំពេញ៖ បណ្តាញព័ត៌មាននឡាញល្បីៗ និងកំពុងមានប្រជាប្រិយភាពនៅកម្ពុជា ដើមអម្ពិល ថ្មីៗ ស៊ីអ៊ីអិន  និង ភ្នំពេញប៉ុស្ត៍ កំពុងផ្តើមយុទ្ធនាការរួមគ្នា ប្រឆាំងការលួចចម្លងស្នាដៃសារព័ត៌មាន ដែលមានដូចជាអត្ថ  បទសារព័ត៌មាន និង រូបថតជាដើម។ យុទ្ធនាការនេះ នឹងផ្តោតទៅលើក្រុមគេហទំព័រមួយចំនួន ដែល  លួចយកអត្ថបទព័ត៌មានទាំងស្រុងទៅផ្សព្វផ្សាយបន្ត និងទៅលើក្រុមស្ថាប័នព័ត៌មានមួយចំនួនផងដែរ។  ការផ្តួចផ្តើមគំនិតនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅលើកតម្កើងការគោរពកម្មសិទ្ធបញ្ញា និង លើកតម្កើង  វិស័យព័ត៌មាននៅកម្ពុជា។

តំណាងអង្គភាពសារព័ត៌មានចំនួន៤ ដែលរួមមាន សារព័ត៌មានដើមអម្ពិល (www.dap-news.com)  សារព័ត៌មានថ្មីៗ (www.thmeythmey.com) សារព័ត៌មានស៊ីអ៊ីអិន (www.cen.com.kh) និងសារព័ត៌  មានភ្នំពេញប៉ុស្ត៍ជាភាសាខ្មែរ (www.postkhmer.com) បានផ្តើមគំនិតរួមគ្នា ដើម្បីស្វែងរកវិធានការផ្លូវ  ច្បាប់ប្រឆាំងការលួចចម្លងអត្ថបទ និងរូបថតពីអង្គភាពរបស់ពួកគេ។ ការផ្តួចផ្តើមនេះត្រូវបានធ្វើឡើងនៅ  ពេលដែលសកម្មភាព នៃការលួចយកស្នាដៃសារព័ត៌មាន កំពុងកើនឡើងកាន់តែច្រើនហើយថា ការលួច  ចម្លងស្នាដៃនេះ ត្រូវបានគេយកទៅធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនថែមទៀតផង។

លោក លឹម ជាវុត្ថា ប្រធានប្រតិបត្តិទូទៅនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានប្រាប់ឲ្យដឹងថា វាដល់  ពេលហើយដែលក្រុមម្ចាស់អង្គភាពព័ត៌មានត្រូវចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការលួចចម្លងស្នាដៃសារព័ ត៌មាននេះ។

ប្រធានប្រតិបត្តិទូទៅនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានព្រមានយ៉ាងដូច្នេះថា៖ «ការលួចចម្លងស្នាដៃ  សារព័ត៌មាននេះ គឺជារូបភាពដ៏អាក្រក់មួយនៃការរំលោភកម្មសិទ្ធិបញ្ញា។ ក្រុមថ្នាក់ដឹកនាំអង្គភាពសារព័ត៌  មានទាំង៤ កំពុងស្វែងរកវិធានការផ្លូវច្បាប់ប្រឆាំងលួចចម្លងស្នាដៃនេះ។ យើងគ្រោងបង្កើតក្រុមការងារ  ដើម្បីតាមដានការលួចចម្លងនេះ»។

នៅកម្ពុជាសព្វថៃ្ង អ្នកដែលមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងមនុស្សមួយចំនួនទៀតបានត្រឹមតែបង្កើត  គេហទំព័រមួយ ហើយលួចយកអត្ថបទព័ត៌មាន ដែលត្រូវបានអង្គភាពសារព័ត៌មានផលិតរួចជាស្រេច  ហើយស្រាប់ៗនោះ យកទៅដាក់លើគេហទំព័ររបស់ខ្លួន ធ្វើដូចជាផលិតរបស់ខ្លួនតែម្តង ដោយមិនបាន  ចំណាយថាមពលអ្វីទាំងអស់។ ហើយក្រុមនេះមានកាន់តែច្រើនឡើងៗ ។

លោក លាង ដឺលុច និពន្ធនាយកនៃសារព័ត៌មានថ្មីៗ បានអត្ថាធិប្បាយថា ដោយសារតែគ្មានប្រតិកម្មជាក់  ស្តែងពីក្រុមម្ចាស់អង្គភាពព័ត៌មានសកម្មភាព នៃលួចចម្លងអត្ថបទសារព័ត៌មាន បានក្លាយជាវប្បធម៌មួយ  ហើយពេលខ្លះសកម្មភាពនៃការលួចយកអត្ថបទបានឈានទៅដល់អង្គភាពព័ត៌មានមួយចំនួនទៀតផង។

លោក លាង ដឺលុច បានពន្យល់យ៉ាងដូច្នេះ៖«យើងធ្លាប់បានឮពីក្រុមអ្នកលួចចម្លងស្នាដៃមកថា ការដែល  ពួកគេលួចចម្លង ទៅផ្សាយបន្តនេះ គឺវាហាក់ដូចជាពួកគេជួយផ្សព្វផ្សាយពាណិជ្ជកម្មអំពីឈ្មោះអង្គភាព  យើងដូច្នោះដែរ។ ពីព្រោះថា វេបសាយរបស់ពួកគេ មានអ្នកស្គាល់ ច្រើន។ តាមពិតពួកគេកំពុងយល់  ច្រឡំធំណាស់។ យ៉ាងហោចណាស់ ពួកគេត្រូវមកសុំសិទ្ធិពីយើង។ ខ្ញុំសូមអំពាវនាវដល់ពួកគេ ឲ្យបញ្ឈប់  ការលួចចម្លងស្នាដៃនេះ មុននឹងពួកគេអាចប្រឈមមុខវិធានការច្បាប់»។

សម្រាប់ លោក ងួន សេរ័ត្ន និពន្ធនាយកនៃសារព័ត៌មាន CEN ការគោរពកម្មសិទ្ធបញ្ញា គឺជាអ្វីដែលអ្នក  កាសែតអាជីពត្រូវគិតគូរ។ លោកពន្យល់ថា នៅក្នុងវិស័យសារព័ត៌មាន គេនិយាយអំពីភាពស្មោះត្រង់  ដូច្នេះការលួចចម្លងស្នាដៃ គឺសកម្មភាពដែលអង្គភាព ស៊ីអ៊ីអិនរបស់លោកត្រូវប្រឆាំងដាច់ខាត។

លោក ងួន សេរ័ត្ន ថ្លែងយ៉ាងដូច្នេះថា៖«នៅក្នុងសារព័ត៌មាន គេនិយាយអំពីការប្រមូលព័ត៌មានដោយ  ភាពស្មោះត្រង់ យើងត្រូវស្មោះត្រង់ជាមួយប្រភពដែលផ្តល់ព័ត៌មានជាដើម។ ដូច្នេះប្រសិនបើ អ្នកណា  ដែលចង់ប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មាន គេត្រូវមានភាពស្មោះត្រង់ ហើយអភិវឌ្ឍន៍ចំណេះដឹងខ្លួនឯង  បង្កើតតម្លៃឲ្យខ្លួនឯង ហើយឈប់លួចចម្លងស្នាដៃរបស់គេទៀតទៅ»។

ចំពោះលោក កៃ កឹមសុង ដែលជានិពន្ធនាយកកាសែតភ្នំពេញប៉ុស្ត៍ជាភាសាខ្មែរឯណោះវិញ លោកបាន  បញ្ជាក់ថា ភ្នំពេញប៉ុស្ត៍បានប្រតិកម្មប្រឆាំងនឹងការលួចចម្លងស្នាដៃសារព័ត៌មាននេះ តាំងពីដើមរៀងមក  ហើយថា ការផ្តើមរួមគ្នារវាងប្រធានអង្គភាពព័ត៌មានអាជីពនៅពេលនេះ នឹងធ្វើអោយវប្បធម៌ នៃការលួច  ចម្លងស្នាដៃសារព័ត៌មានរលាយបាត់មិនខាន។ «វាជាសកម្មភាពនៃការលួចផ្នែកបញ្ញា លួចយកថាមពល  និងផ្នែកហិរញ្ញវត្ថុថែមទៀតផង។ អង្គភាពសារព័ត៌មានពិតប្រាកដដែលគេបានចំណាយពេលវេលា ថវិកា  និងធនធានជាច្រើនទៀតដើម្បីផលិតដំណឹងសម្រាប់ស្ថាប័នរបស់គេ ស្រាប់តែត្រូវមនុស្សមួយក្រុមលួច  យកទៅធ្វើជារបស់ខ្លួនឯងយ៉ាងស្រួល។ មានពេលខ្លះ គេលួចទាំង quote (សម្រង់សំដី) ហើយលួចយក  ព័ត៌មានយើងទៅធ្វើជា ព័ត៌មានទាន់ហេតុការណ៍របស់គេទៀតផង»។ នេះជាការលើកឡើងរបស់លោក  កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្ត៍ភាសាខ្មែរ។

លោក កៃ គឹមសុង បញ្ជាក់ថា តំណាងអង្គភាពសារព័ត៌មានទាំង៤ នឹងប្រមូលការ គាំទ្រពីអង្គភាពព័ត៌  មានដទៃទៀត ដើម្បីបន្តយុទ្ធនាការ និងវិធានការប្រឆាំងលួចចម្លងស្នាដៃសារព័ត៌មាននេះ៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP