ភ្នំពេញ៖ ជនដៃដល់១ក្រុម មានគ្នា៥នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងដំបងជ្រុង ស្នាប់ដៃ បានឡើងទៅកាប់ និងវាយភាគីទំនាស់ដល់លើផ្ទះជួល បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល ចំនួន៦នាក់ ដោយតែក្រុម ជនដៃដល់ខឹងក្រុមជនរងគ្រោះ និយាយឌឺពីពេលកន្លងមក ក្នុងនោះនគរបាលធ្វើការឃាត់ខ្លួន ក្រុមជនដៃដល់បានម្នាក់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិត នៅក្នុងផ្ទះជួលមួយកន្លែងក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា ជនដៃដល់ដែលត្រូវឃាត់ខ្លួនបាននោះ ឈ្មោះ សួស វាន់នី ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ និងបក្ខពួកចំនួន ៤នាក់ទៀត កំពុងតែរត់គេចខ្លួន។ ចំណែកជនរងគ្រោះមានគ្នា ៦នាក់ ទី១ឈ្មោះ ទឹម រិទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិ សំរោង ឃុំរមិញ ស្រុកកោះអណ្តែត ខេត្តតាកែវ (រងរបួសរយះក្បាល) ទី២ ឈ្មោះ ដី ម៉ាល់ ភេទប្រុស អាយុ ២៣ឆ្នាំ (រងរបួសបែកក្បាល) ទី៣ ឈ្មោះ សុះ រុមស៊ី ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាកម្មករ សំណង់ ទី៤ ឈ្មោះ មាន លេស ភេទប្រុស អាយុ ២៤ឆ្នាំ ទី៥ឈ្មោះ ហ្វីន ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខ របរជាគ្រូបង្រៀន និងទី៦ឈ្មោះ ម៉ាន ក្តេន ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប។
នគរបាលបានបន្តទៀតថា មុនឈានទៅដល់កាប់និងវាយនោះ គឺដោយសារក្រុមជនរងគ្រោះ និងជនដៃដល់ធ្លាប់ មានទំនាស់ពាក្យសម្តីគ្នាជិត១សប្តាហ៍មកហើយ ពេលល្ងាចថ្ងៃកើតហេតុក្រុមជនដៃដល់ បាននាំគ្នាផឹកស្រាស្រវឹងរៀងៗខ្លួន ក៏នឹកឃើញដល់រឿងទំនាស់កាលពីមុននោះ ក៏នាំគ្នាទៅវាយក្រុមជនរងគ្រោះ ដោយអ្នកខ្លះទាញប៉័ងតោ អ្នកខ្លះទាញដំបង និងអ្នកខ្លះទៀតកាន់ស្នាប់ដៃ ចូលទៅវាយក្រុម ជនរងគ្រោះដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង៦នាក់ ភ្លាមៗនោះក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួនបាត់អស់ ហើយភ្លាមៗនោះដែរ នគរបាលបានមកអន្តរាគមន៍ ដេញតាមចាប់ខ្លួនបានជនសង្ស័យ ២នាក់ នាំយកមកសាកសួរ ។
នគរបាលបានបន្តថា បន្ទាប់ពីសាកសួររួចនោះ ឃើញថា ជនសង្ស័យទាំងពីរនាក់នោះ គឺម្នាក់ឈ្មោះ សួស វាន់នី គឺជាជនដៃដល់ ក្នុងការនាំគ្នាទៅព្រួតវាយក្រុមជនរងគ្រោះ ចំណែកឯម្នាក់ទៀត គឺជាម្ចាស់ផ្ទះជួល ពុំមានការពាក់ព័ន្ធនោះទេ ។ ជនសង្ស័យសារភាពថា ការឈានទៅដល់វាយនិងកាប់នេះ គឺដោយសារតែខឹងនិងក្រុមជនរងគ្រោះ ព្រោះធ្លាប់មានទំនាស់ពាក្យ សម្តីនិងគ្នានាពេលកន្លងមក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវននគរបាលកសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ចំណែកឯបក្ខពួកនគរបាល កំពុងតែតាមស្វែងរកចាប់ខ្លួនបន្ត៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល