CamNews

ព័ត៌មានជាតិ 

ឈ្លោះគ្នា ដោយសារ ហូបបាយមុនក្រោយ ចងកស្លាប់ ចោលប្រពន្ធកូន

ភ្នំពេញ ៖ បុរសកម្មករម្នាក់បានសម្រេចចិត្តចងក បញ្ចប់ជីវិតរបស់ខ្លួនចោលប្រពន្ធ និងកូនតូចៗ២នាក់ ដោយសារតែ ខឹងប្រពន្ធ និងកូនហូបបាយមុន ហើយមិនរៀបបាយឲ្យខ្លួន ពេលមកដល់ផ្ទះ ។

សពជនរងគ្រោះត្រូវប្រពន្ធ ប្រទះឃើញចងកនៅក្នុងបន្ទប់ជួល របស់ខ្លួន លេខ៤១ ស្ថិតនៅក្រុម២ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ៦និង៥នាទី ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ខណៈដែលស្ត្រីជាប្រពន្ធរៀបចំខ្លួនទៅធ្វើការ ។

មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថា ជនរងគ្រោះឈ្មោះ សុត សំបូរ អាយុ ២៩ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ  រីឯស្ត្រីជាប្រពន្ធឈ្មោះ ស៊ុំ វណ្ណា កម្មការិនីកាត់ដេរ និងមានកូនតូចស្រីប្រុស ២នាក់ ។ បើតាមមន្ត្រីនគរបាល មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ដោយសារតែប្តីរវល់ចេញទៅក្រៅ ប្រពន្ធ និងកូនទាំងពីរ ក៏រៀប ចំហូបបាយមុន រួចមក ប្តីក៏ត្រឡប់មកវិញ ហើយសួរប្រពន្ធថា ហូបបាយហើយឬនៅ ។

ក្រោយពីប្រពន្ធប្រាប់ថា ហូបរួចនោះ បុរសជាប្តីខឹងថាមិនចាំហូបបាយជុំគ្នា ក៏ឈ្លោះប្រកែក ពេលនោះបងស្រីរបស់ ប្រពន្ធបានឲ្យទៅដេកផ្ទះជាមួយ ខ្លាចប្តីវាយ ។ លុះព្រឹកឡើងពេលត្រឡប់មកផ្ទះ ដើម្បីរៀបចំខ្លួនទៅធ្វើការក៏ឃើញ ប្តីចងកនៅក្នុងផ្ទះស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ នគរបាលជំនាញ និងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យ សពជនរងគ្រោះ ហើយអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារការចងកមែន ។ ក្រោយពិនិត្យសពរួចមកសមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh