CamNews

ព័ត៌មានជាតិ 

គ្រូបង្រៀន កម្រិតទាបបំផុត នឹងទទួលបាន ប្រាក់ខែ ១លានរៀល នៅឆ្នាំ២០១៨

ភ្នំពេញ ៖ ជាថ្មីម្ដង់ទៀត ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកំពុង រៀបចំប្រព័ន្ធបៀវត្ស សម្រាប់គ្រូបង្រៀនឲ្យរួចរាល់ នៅខែមេសា ឆ្នាំ២០១៥ខាងមុខនេះ ដែលជាការបើកផ្លូវឲ្យគ្រូ បង្រៀនកម្រិតទាបបំផុត នឹងឡើងប្រាក់ខែ ៦៥ម៉ឺនរៀល ។

ក្នុងពិធីទិវាយុទ្ធនាការ អក្ខរកម្មជាតិ ដែលបានរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា នេះ សម្ដេច ហ៊ុន សែន បន្តថា  " គោលដៅរបស់រាជរដ្ឋាភិបាល ប្រាក់ខែគ្រូបង្រៀនមិនតិចជាង ១លាន រៀលនោះទេ នៅក្នុងឆ្នាំ២០១៨ សម្រាប់គ្រូកម្រិតទាបបំផុត"។

សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា ក្របខណ្ឌ មន្ត្រីរាជការនៅទូទាំងប្រទេសកម្ពុជា មានជាង ១៨ម៉ឺននាក់ក្នុងនោះមានគ្រូបង្រៀន ១១ម៉ឺននាក់ និងមន្ត្រីពេទ្យជាង ២ម៉ឺននាក់ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥នេះ លោក រ៉ុង ឈុន ប្រធាន សមាគម គ្រូ បង្រៀនឯករាជ្យ ចង់ឲ្យនាយករដ្ឋមន្ត្រី តំឡើងប្រាក់ខែចំនួន ១លានរៀល ដល់គ្រូបង្រៀនកម្រិតទាប នៅឆ្នាំ ២០១៥ នេះតែម្ដង ក៏ព្រោះតែលោកគិតថា គ្រូបង្រៀនត្រូវការដោះស្រាយជីវភាពចាំបាច់ របស់ពួកគាត់នាពេលបច្ចុប្បន្ន ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP