CamNews

ព័ត៌មានជាតិ 

អាវុធហត្ថ រាជធានីភ្នំពេញ ធ្វើសន្និសីតកាសែត ជុំវិញការឃាត់ខ្លួន ជនសង្ស័យ ផ្ញើកាដូគ្រាប់បែក និងគំរាម

ភ្នំពេញ ៖ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការកង រាជអាវុធហត្ថ រាជធានីភ្នំពេញ លោកមេបញ្ជារង ពូ ដាវី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នេះ បានធ្វើសន្និសីត ជុំវិញករណីឃាត់ខ្លួន និស្សិតពេទ្យម្នាក់ ដែលបានផ្ញើកាដូគ្រាប់បែក គំរាមទារប្រាក់ ម្ចាស់ហាងព្រីមកាហ្វេ ដែលគេដឹងថា ជាកម្មសិទ្ធកូនប្រុស របស់លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ។

មេបញ្ជាការង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោក ពូ ដាវី បានថ្លែងឲ្យដឹងថា ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃនេះ (២៩ កក្កដា ២០១៤) ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ។

លោក ពូ ដាវី បានចាត់ទុកថា ករណីនេះជាអំពើភេរវកម្ម ហើយបានបញ្ជាក់ថា តាមការស្រាវជ្រាវ និងសួរនាំ ជនសង្ស័យ បានឲ្យដឹងថា ករណីផ្ញើកាដូគ្រាប់បែកនេះ ជនសង្ស័យ បានរៀបគម្រោងតាំងពីឆ្នាំ២០១០ មកម្ល៉េះ ប៉ុន្តែដោយគ្មានឱកាស ទើបមិនអាចធ្វើបាន ទើបនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នេះ ជនសង្ស័យផ្ញើគ្រាប់បែក ទៅម្ចាស់ហាងកាហ្វេ ហើយនេះជាការប្រព្រឹត្ត លើកដំបូងរបស់ខ្លួន។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែល សន្ដិសុខ យាមប្រចាំការនៅហាងកាហ្វេព្រីម លោក សឿន ប៊ុនធឿន បានទទួលកាដូ មួយ ដែលគេផ្ញើជូនម្ចាស់ហាង ប៉ុន្ដែនៅពេល ដែលបើកកាដូនោះមើល គឺជាគ្រាប់ដៃប្រភេទ ផ្លែទាបចាស់ និងគ្មានក្រវិល ទើបបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់កម្លាំង សមត្ថកិច្ចទាំងអាវុធ ហត្ថ និងនគរបាល ចុះមកសួរនាំ ដើម្បីធ្វើការ ស្រាវជ្រាវលើករណីមួយនេះ ។

ក្រោយកើត ហេតុភ្លាមៗ សមត្ថកិច្ចបាន សង្ស័យថា ជនដែលផ្ញើកាដូគ្រាប់បែកមកឱ្យ ម្ចាស់ហាង ព្រមទាំងទូរស័ព្ទគំរាមទារប្រាក់ ចំនួន៥០០០ដុល្លារនោះ គឺជាបុរសម្នាក់អតីត មេការនៅក្នុង ហាងមួយនេះ ទើបនឹងឈប់ពី ការងារ កាលពី១០ថ្ងៃមុន រហូតដល់មានការ ឃាត់ខ្លួនពីសំណាក់ កម្លាំងអាវុធហត្ថ កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្ដែក្រោយ ការសួរនាំ ទើបដឹងថា អតីតមេការរូបនេះ មិនជាប់ពាក់ព័ន្ធនោះឡើយ ហើយក៏ដោះ លែងឱ្យត្រឡប់ទៅផ្ទះវិញ ។

ខណៈដែល កម្លាំងអាវុធហត្ថឃាត់ខ្លួនអតីតមេការឈ្មោះ សុខ កក្កដា អាយុ២៧ឆ្នាំ រស់នៅសង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ នោះស្រាប់តែមាន ជនមិនស្គាល់មុខ បានទូរស័ព្ទលេខ ០២៣ មកគំរាមទារប្រាក់ម្ដងទៀត ពីថៅកែហាងព្រីម កាហ្វេ ចំនួន៥០០០ដុល្លារ ។ បន្ទាប់មកកម្លាំង សមត្ថកិច្ចទាំងអាវុធហត្ថ និងនគរបាល បាន សុំសហការជា មួយក្រុមហ៊ុនវីង ដោយប្រើ រូបភាពវេលុយទៅឱ្យជនសង្ស័យ ហើយកម្លាំង នគរបាល ពង្រាយឃ្លាំមើលតាម សាខាវីងជាង១០ទីតាំង នៅក្នុងទឹកដីខណ្ឌទួលគោក រីឯ កម្លាំងអាវុធហត្ថ ដាក់ពង្រាយឃ្លាំមើល នៅតាមទីតាំង សាខាវីងជាង១០កន្លែងនៅ ក្នុងទឹកដីខណ្ឌសែនសុខ លុះពេលម៉ោងជាង ១១ ព្រឹកថ្ងៃទី ២៨ ខែកក្កដានេះ ក៏លេចមុខ ជនសង្ស័យនៅសាខាវីងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីទៅបើកលុយក៏ត្រូវ ចាប់ខ្លួននៅទីនោះ តែម្ដង។

ប្រភពព័ត៌មានពី សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនេះ ធ្វើឡើងតែម្នាក់ឯង ពុំ មានបក្ខពួក និងដៃគូផ្សេងទៀតឡើយ ហើយ គ្រាប់បែកដៃនេះ រូបគេយកមកពីផ្ទះ នៅឯ ស្រុកកំណើត ប៉ុន្ដែជាគ្រាប់ បែកចាស់ និងគ្មាន គន្លឹះដើម្បីទុកធ្វើសកម្មភាព បែបនេះហើយជន នេះក៏មិនមែនជាមុខសញ្ញាធំដុំ ដែលមាន គម្រោងការតាមរយៈការរៀបចំទុកទ្រង់ទ្រាយ ធំឬមានបក្ខពួកច្រើននោះដែរ ពោលទើប នឹងធ្វើសកម្មភាពជាលើកដំបូងតែប៉ុណ្ណោះ ។

ក្រោយការនាំខ្លួនឱ្យ យកទៅធ្វើតម្រាប់ នៅសាខាវីង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួចមក ជនសង្ស័យរូបនេះ ត្រូវបានកម្លាំង អាវុធហត្ថបញ្ជូនបន្ដទៅសួរនាំនិងឃុំខ្លួនជា បណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់។

ជនសង្ស័យមាន ឈ្មោះ ថៃ សុភាព អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំ ទី៣ នៅសាកលវិទ្យាល័យឯកជន និងធ្លាប់ធ្វើសន្ដិសុខ បម្រើការងារ នៅក្រុមហ៊ុនឯកជន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news