ភ្នំពេញ៖ ក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍ ខេមបូឌា បានប្រកាសទិញយន្តហោះប្រភេទ MA60 របស់ចិន ចំនួន២០គ្រឿ និង Airbus ១០គ្រឿងរបស់អាមេរិក ដើម្បីពង្រីកអាជីវកម្មហោះហើរ នៅស្រុកភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅក្រុងព្រះសីហនុ និងក្រៅប្រទេសមាន ចិន ជប៉ុន កូរ៉េខាត្បូង។
លោក Liu Jia អគ្គនាយក ក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍មានប្រសាសន៍ថា«ក្រុមហ៊ុនអាកាសចរណ៍បាយ័ន កម្ពុជាបានយកទីក្រុងភ្នំពេញ ជាគោលដៅដល់សំខាន់ សម្រាប់ធ្វើអាជីវកម្ម ចាប់ពីខែធ្នូ ចុងឆ្នាំ២០១៤ក្នុងការធ្វើអាជីវកម្មហោះហើរ ពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅក្រុងព្រះសីហនុ ជាខ្សែអាកាសចរណ៍ក្នុងស្រុក និងជាក្រុមហ៊ុនទី ២បន្ទាប់ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ»។
លោកបន្តថា ក្រុមហ៊ុនក៏មានផែនការ៥ឆ្នាំក្នុងនំាយកយន្តហោះMA60 របស់ចិន ចំនួន២០គ្រឿ ក្នុងការហោះហើរក្នុងស្រុក និង Airbus 320 ចំនួន១០គ្រឿង ដើម្បីហោះហើរទៅអន្តរជាតិ ដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ ដែលអាចក្របដណ្តប់ ទូទាំងប្រទេសកម្ពុជា និងយកកម្ពុជាមជ្ឍមណ្ឌលអាកាសចរណ៍ ដែលភ្ជាប់ទៅនឹងអាស៊ាន និងខាងក្រៅទៅបណ្តាល ប្រទេសជាច្រើនដូចជា ចិន ជប៉ុន កូរ៉េខាត្បូង។
លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា”ការរៀបចំបង្កើតនូវក្រុមហ៊ុនអាកាសចរណ៍ថ្មី ក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍ ដែលជាការសហការជារបស់ក្រុមហ៊ុនកម្ពុជា និង ក្រុមហ៊ុន Aviation Industry Corporation of China (AVIC) របស់ចិន ក្នុងការទិញយន្តហោះ ដើម្បីធ្វើអាជីវកម្មហោះហើរ។ ក្រុមហ៊ុន AVIC គឺជាក្រុមហ៊ុនដ៏ធំមួយមាន ចំណាប់១៧៨ក្នុងចំណោម ក្រុមហ៊ុនធំទាំង៥០០ក្នុងពិភពលោក បានប្រដាក់ទុនធ្វើធុរកិច្ច នៅកម្ពុជាជាជំហានមួយយ៉ាង សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។
លោកសុខ អាន សង្ឃឹមថា ការគាំទ្ររបស់ក្រុមហ៊ុន AVIC នឹងធ្វើឲ្យក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍ និងមានជោគជ័យក្នុង ការបំពេញធុរកិច្ចនៅ ក្នុងប្រទេសកម្ពុជា៖ «សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា យើងមានក្រុមហ៊ុនអាកាសចរណ៍២៦ រួចហើយ ក្នុងការធ្វើធុរកិច្ចដឹកជញ្ជូនអ្នកដំណើរ ហើយថ្ងៃនេះយើងមានក្រុមហ៊ុនថ្មីមួយទៀត ក្រុមហ៊ុនបាយ័នអ៊ែរឡាញ៍។ ទាំងអស់នេះគឺជាការវិវត្តន៍ ឥតឈប់ឈរនៃសភាពការណ៍ ក្នុងប្រទេសកម្ពុជា និងការរីកចម្រើនតាមផ្លូវអាកាស និងការរីចចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងរវាងប្រទេសកម្ពជា និងពិភពលោកខាងក្រៅ ហើយវាក៏ជាការរួមចំណែក យ៉ាងសំខាន់នៃការអភិវឌ្ឍន៍ឈាន ឡើងនៃវិស័យទេសចរណ៍ នៅកម្ពុជាផងដែរ»។
លោកបានបន្តថា ចំនួនភ្ញៀវទេសចរណ៍ មកទស្សនានៅកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័សតំាងពីឆ្នាំ២០០៣ រហូតមកដល់ថ្ងៃនេះ។ នៅឆ្នាំ២០១៣ កម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណ៤លាន២សែននាក់ ដែលទទួលបានប្រាក់ចំណូល ប្រមាណ ២៥០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវជា១៦%នៃផលិតផលជាតិ ដែលហៅថា GDP របស់ប្រទេសកម្ពុជា។
លោកថា ការបង្កើតនូវក្រុមហ៊ុនថ្មីមួយនេះ នឹងមានការងាយស្រួល ក្នុងហោះហើរ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងអ្នកធើ្វដំណើរទាំងឡាយ ពីប្រភពខាងក្រៅមក កាន់ប្រទេសកម្ពុជា ជាពិសេសប្រទេសចិន។ ក្នុងរយៈពេលកន្លងមកនេះ យើងទទួលបានភ្ញៀវ ទេសចរណ៍ចិនមកកម្ពុជា ប្រមាណជិតកន្លះលាន់នាក់ ប៉ុន្តែនៅពេលខាងមុខទៀត និងកើនឡើងយ៉ាងឆាប់រហ័សជាងមុន។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ២៣០.១០០នាក់ នៅរយៈពេល ៦ខែដើមឆ្នាំ២០១៤នេះ ដោយចំនួននេះមានការកើនឡើង ១៩ភាគរយបើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣៕