CamNews

ព័ត៌មានជាតិ 

ប្លែកៗ បើករថយន្តមានតែកង់៣ សមត្ថកិច្ចឃាត់ហៅ អ្នកបើកបរ មកដាក់កង់បន្ថែម និង អប់រំ កុំឲ្យមានទៀតលើកក្រោយ

បន្ទាយមានជ័យ ៖ ប្លែកៗ អ្នកបើករថយន្ត កាម៉ារីស៊េរី ឆ្នាំជាង៩០ មួយគ្រឿង ត្រូវបាននគរបាល ចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ ហៅឲ្យឈប់ ដើម្បី នាំយកទៅអប់រំ និងធ្វើការណែនាំ ដោយសារតែរូបគេ បានបើករថយន្ត មានកង់ ៣តែប៉ុណ្ណោះ។

ការបើករថយន្ត ក្នុងរូបភាព បែបនេះ ពិតជាអាច បង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ជាក់ជាមិនខានឡើយ ដែលអ្នក បើកបរទាំងឡាយ មិនត្រូវយកគំរូតាមនោះទេ ។

ករណី ដែលធ្វើឲ្យមានការ ចាប់អារម្មណ៍ និងអស់សំណើច ហួសចិត្ត ខាងលើនេះ បានកើតឡើង នៅក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ហើយត្រូវបាន នគរបាល ចរាចរណ៍ ផ្លូវគោកខេត្ត ប្រទះឃើញក្រោយពេល វិលត្រឡប់ មកពីដោះស្រាយ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូកង់៣ បណ្តាលឲ្យ រងរបួសធ្ងន់ស្រាល២នាក់ ។

មន្រ្តីនគរបាល ចរាចរណ៍ ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា រថយន្តមួយគ្រឿងនេះ ពាក់ស្លាក លេខ ភ្នំពេញ 2L-7307 បើកដោយបុរសម្នាក់ និងអ្នកធ្វើដំណើរនៅក្នុង រថយន្ត ចំនួន២នាក់ កំពុងធ្វើដំណើរ តាមដងផ្លូវសាធារណៈ ដោយមាន កង់៣ប៉ុណ្ណោះ ពោលអត់កង់នៅខាងក្រោយផ្នែកខាងស្តាំ។

ដោយឃើញការ បើករថយន្ត ក្នុងរូបភាពបែបនេះ កម្លាំងនគរបាល បានឃាត់ អ្នកបើកបរ យកទៅអប់រំ និងធ្វើការណែនាំ កុំឲ្យបន្តបើក យ៉ាងដូច្នេះ តទៅទៀត ។

សូមបញ្ជាក់ថា ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបង្កើនយុទ្ធនាការ គ្រប់រូបភាព ទាំងការដាក់ ប៉ុស្តិ៍ត្រួតពិនិត្យ ចាប់មួក ចាប់កញ្ចក់ តាមដងផ្លូវ ការផ្សព្វផ្សាយ ចែកខិតប័ណ្ណ នៅតាម ចំណតរថយន្ត និងកន្លែងចាប់ផ្តើមចេញដំណើរ ជាដើម ដែលសកម្មភាព ទាំងនេះ ដើម្បីឲ្យអ្នកបើកបរទាំងឡាយ និងប្រជាពលរដ្ឋ ទូទៅ ត្រូវយល់ដឹង កាន់តែខ្លាំង អំពីច្បាប់រាចរណ៍ ហើយចូលរួមទាំងអស់  ធ្វើយ៉ាងណាឲ្យ ឃាតកឈាមត្រជាក់ មួយនេះ មានការចុះថយជាបន្តបន្ទាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Banteay Meanchey