CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ជនសង្ស័យ តាមដីការតុលាការ ពាក់ព័ន្ធរក្សាទុក ប្រើប្រាស់គ្រឿងញៀន

កំពត ៖ កម្លាំងនគរបាល នៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះចាប់នាំខ្លួនជនសង្ស័យម្នាក់ យោងតាមដីការតុលាការ បង្គាប់ឲ្យចាប់ខ្លួន និងនារីម្នាក់ទៀត ជាសង្សារ ខណៈកំពុងប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់លេខ៦ ផ្ទះជួល "លីមិញ" ស្ថិត​ក្នុងភូមិក្រាំង សង្កាត់ក្រាំង អំពិល  ក្រុងកំពត នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ។

នគរបាលជំនាញគ្រឿងញៀន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ជនសង្ស័យចាប់តាមដីកា ឈ្មោះស្រេង សុខគង់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋាន ភូមិទ្វីរខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង និងខេត្តកំពត បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលកន្លែងឃាត់ខ្លួនខាងលើ ចំណែកនារីជាសង្សារ ឈ្មោះ វ៉ែន លីកា អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដដូចគ្នា មានស្រុកនៅភូមិពពាលខែ ឃុំ ដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន រស់នៅបន្ទប់ផ្ទះជួលជាមួយគ្នា ។ ខណៈសមត្ថកិច្ច បាន និងកំពុងឃាត់ខ្លួននោះ ធ្វើការឆែកឆេរ ក៏ប្រទះឃើញថ្នាំ ញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកក ចំនួន​០២កញ្ចប់តូច ស្មើនឹង ៣,១ក្រាម និងប្រដាប់ប្រដាពាក់ព័ន្ធប្រើប្រាស់ ថ្នាំញៀនមួយចំនួនទៀត ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ គ្រឿងញៀនខេត្ត កំពុងកសាងសំណុំរឿង ឡើងតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រេង សុខគង់ ត្រូវបានលោកចៅក្រមស៊ើបសួរ តុប ឈុនសុង ចេញដីកាបង្គាប់ឲ្យ ចាប់ខ្លួន លេខ ១៤៣ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ចោទពីបទ "រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវ សារធាតុញៀន" ដែលប្រព្រឹត្ត និងកើតឡើងនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០១៤ ដែលកំណត់បទល្មើសព្រហ្មទណ្ឌ និងទោសមានចែងក្នុងមាត្រា៤០-៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ហើយជនត្រូវចោទរូបនេះ ត្រូវបានចោទប្រកាន់ពីបទល្មើស ដែលត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia komport