CamNews

តារា 

ថន លក្ខិណា ស្រវ៉ាបានតំណែង​តួឯកស្រី ចាប់ដៃគូ​ជាមួយតារាថៃ

ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនីស្រីវ័យក្មេង កញ្ញា ថន លក្ខិណា ថ្មីៗនេះសន្ទុះការងាររបស់នាង ហាក់ចាប់ផ្តើមកក្រើកឡើងវិញ ដោយនាងត្រូវបានអ្នកដឹកនាំរឿង ជាច្រើនទាក់ទងហៅថតរឿង ជាបន្តបន្ទាប់ ជាក់ស្តែងដូចពេលនេះនាងកំពុង តែដំណើរការថតរឿងថ្មីមួយ ឲ្យខាងផលិតកម្មថៃ ដោយនាងក្តាប់បានតំណែងតួឯកស្រី គូជាមួយតារាប្រុសល្បី ឈ្មោះប្រចាំប្រទេសថៃផងដែរ ។

សម្រាប់រឿងថ្មីនេះតារាស្រី កញ្ញា ថន លក្ខិណា មិនបានបង្ហើបប្រាប់ទស្សនិកជនទេ ថានាងកំពុងតែ សម្ងំរៀបចំខ្លួនថតរឿងថ្មីមួយ ដោយសម្តែងជាតួឯក គូជាមួយតួឯកប្រុសជនជាតិថៃនោះ ដោយកាលពីប៉ុន្មានម៉ោងមុននេះ នាងគ្រាន់តែរំលេចរូបថតមួយសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយសរសេរយ៉ាងខ្លីថា ការថតរឿងថ្មីមានឈ្មោះថា “ទីក្រុងខ្មោច” តែប៉ុណ្ណោះដោយនាងមិនបានបញ្ជាក់អ្វីច្រើនឡើយ។

ក្នុងជំនួបតាមទូរស័ព្ទម្តាយ របស់តារាស្រីរូបស្រស់ ដែលទើបតែធ្វើការវះកាត់បបូរមាត់ កញ្ញា ថន លក្ខិណា បានប្រាប់គេហទំព័រ Looking TODAY នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ឲ្យដឹងថា ពេលនេះកូនស្រីរបស់គាត់ លក្ខិណា កំពុងតែថតរឿងថ្មីឲ្យខាងក្រុមហ៊ុនថៃ នៅក្នុងខេត្តសៀមរាប ដោយរឿងនេះទើបតែដំណើរការថត នៅថ្ងៃនេះទេ ព្រោះថាតួប្រុស ទើបតែធ្វើដំណើរមកដល់ ហើយក៏ថតភ្លាមតែម្តង ។

អ្នកស្រីបានប្រាប់ឲ្យដឹងទៀតថា “ នេះជាលើកទីមួយហើយ សម្រាប់ការសហការ ថតជាមួយខាងថៃ ហើយ អា លក្ខិណា កូនខ្ញុំគេសម្តែងជាតួឯកស្រី គូជាមួយតួប្រុសថៃមានឈ្មោះថា អម ហើយសម្រាប់រឿងនេះខ្ញុំមិនទាន់បានសួរកូន និងក្រុមការងារច្បាស់លាស់ទេ ព្រោះពេលនេះកំពុងតែរវល់រៀងៗខ្លួន ខ្ញុំដឹងត្រឹមថាគេកំពុងតែថត នៅសៀមរាប ហើយពេលបញ្ចប់ឈុតនៅទីនេះ មិនដឹងថាបន្តទៅថតនៅទីណាទៀតទេ ហើយសម្រាប់ចំណងជើងរឿង ក៏មិនទាន់ដឹងដែរ ប្រសិនបើចង់ដឹងច្បាស់ គឺទាល់តែចាំសម្ភាសន៍កូនខ្ញុំបន្ថែមទៀតទៅ ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh