CamNews

ព័ត៌មានជាតិ 

និស្សិត IU ម្នាក់ ខ្វះមួយថ្ងៃ បញ្ចប់ឆ្នាំទី៤ ត្រូវរថយន្តដឹកសម្រាម ក្រុមហ៊ុន ស៊ិនទ្រី ជ្រុលបុកពីក្រោយ

ភ្នំពេញ ៖ នារីពីរនាក់ ម្នាក់ជានិស្សិតឆ្នាំទី៤ រៀននៅសកលវិទ្យាល័យ IU បានរងរបួសបាក់ភ្លៅម្ខាង និងម្នាក់ រងរបួស ស្រាល ខណៈពួកនាង ជិះម៉ូតូគុបជ្រុង ឌុបគ្នា ចេញពីសាលា ឆ្ពោះមកលំនៅដ្ឋាន ត្រូវរថយន្តដឹក​សម្រាម​ របស់ក្រុម ហ៊ុនស៊ិនទ្រី បើកលឿនជ្រុលបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១១ និង២០​នាទីព្រឹក ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៥ ស្ថិតនៅខាងត្បូងផ្សារស្ទឹងមានជ័យ ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា និស្សិតដែលរងរបួសបាក់ភ្លៅ ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ អ៊ឹង សុនីតា ភេទស្រី អាយុ ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៤ ស្នាក់ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងនារីម្នាក់ រងរបួសស្រាល មិនបានស្គាល់អត្តសញ្ញាណទេ ដោយសារនាងមិនប្រាប់ ។ ចំណែកអ្នកបើក​បរថយន្តបង្ក​ក្រោយ​កើតហេតុ បានចុះរត់ គេចខ្លួនបាត់ស្រមោល ទុករថយន្តចោលត្រង់ចំណុចកើតហេតុ ។ សមត្ថកិច្ច​បានបន្តថា មុនពេលមានគ្រោះថ្នាក់នេះ នារីរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូម៉ាកគុបជ្រុង ៥០មួយគ្រឿង ពណ៌ទឹក​ប៊ិច​ ពាក់ស្លាកលេខភ្នំពេញ 1AF 8953 ធ្វើ ដំណើរចុះពីស្ពានអាកាស ស្ទឹងមានជ័យ ចុះតាមផ្លូវមុនី​រ៉េត ​ទិសដៅពីជើងទៅត្បូង លុះជិះហួស ផ្សារស្ទឹងមានជ័យជាង ១០០ ម៉ែត្រ ស្របពេលមានរថយន្តស៊ិនទ្រី ប្រមូលសម្រាមមួយគ្រឿង កំពុងបើកបរ ពីក្រោយល្បឿនលឿន ហើយ ទំនងចាប់ហ្វ្រាំងមុខមិនស៊ី ក៏ជ្រុល​បុក​ម៉ូតូរបស់នារីរង គ្រោះទាំងពីរពេញ​ទំហឹង បណ្តាលឲ្យម៉ូតូ និងអ្នកឌុប ខ្ទាតមក ខាងស្តាំដៃ រីឯនារីឈ្មោះ អ៊ឹង សុនីតា ជាអ្នកជិះក្រោយ បានធ្លាក់ពីលើកម៉ូតូ ខ្ទាតខាងឆ្វេងដៃ ត្រូវកង់ក្រោយរបស់ រថយន្តស៊ិនទ្រី កិនចំចំហៀងភ្លៅខាងឆ្វេង បាក់ឆ្អឹងខ្ទេច រងរបួសយ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុ ក៏មានរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកនារី ដែលរងរបួស​ធ្ងន់​ទៅ សង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ( រុស្ស៊ី) ភ្លាម ។ ចំណែកអ្នកបើកបរ​រថយន្តបង្ក រួមជាមួយ​អ្នក​ដើរប្រមូល សម្រាមដាក់ក្នុងរថយន្ត បាននាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ។ ដូច្នេះបន្ទាប់ពីមាន​ករណី​ចរាចរណ៍​​នេះ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាល​ជំនាញ ​​ចុះអន្តារាគមន៍ភ្លាមៗ និងវាស់ វែងអូសយករថយន្តបង្ក និងម៉ូតូគុបជ្រុង របស់នារីរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ រង់ចាំរកដំណោះស្រាយនាពេលក្រោយ ។ សាច់ញាតិរបស់​នារីឈ្មោះ អ៊ឹង សុនីតា បានបញ្ជាក់ថា នៅថ្ងៃស្អែកមួយ ថ្ងៃប៉ុណ្ណោះ នាងត្រូវប្រឡងបញ្ចប់ការសិក្សា ឆ្នាំទី៤​ហើយ​ ។ ​នេះជារឿងដែលគួរឲ្យសោកស្តាយ និងរន្ធត់បំផុត សម្រាប់ក្រុមគ្រួសារ សាច់ញាតិ របស់នារីរងគ្រោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP