CamNews

ព័ត៌មានជាតិ 

ទូរទស្សន៍ របស់គណបក្សសមរង្ស៊ី នឹងចាប់ដំណើរការ ក្នុងឆ្នាំ២០១៥នេះ

ភ្នំពេញ៖ យោងតាម Facebook របស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានឲ្យដឹងថា ទូរទស្សន៍ របស់គណបក្ស សង្គ្រោះជាតិ នឹងចាប់ផ្តើមដំណើរការ នៅក្នុងឆ្នាំ២០១៥នេះហើយ ដោយមានការ សហការ ជាមួយ ក្រុមហ៊ុនទូរទស្សន៍ឯកជនមួយ ហើយនេះជាលទ្ធផលមួយទៀត នៃវប្បធម៌សន្ទនា បន្ទាប់ពីការបង្កើត គ.ជ.ប។

នៅលើ Facebook របស់លោក សម រង្ស៊ី បានសរសេរ បញ្ជាក់យ៉ាងដូច្នេះថា «យើងទើបតែបានទទួលដំណឹងថា ក្រុមហ៊ុន ទូរទស្សន៍ឯកជនមួយ ដែលមានសមានចិត្ត ចំពោះគណបក្សសង្រ្គោះជាតិ ហើយដែលបាន ទទួល អាជ្ញាបណ្ណ ពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ កំពុងត្រៀមលក្ខណៈទាំង ផ្នែកបច្ចេកទេស ទាំងផ្នែកហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ ២០១៥ នេះ។

ស្ថានីយ៍ទូរទស្សន៍ថ្មីនេះ ដែលប្រជារាស្រ្ត ខ្មែររង់ចាំយូរមកហើយ ហើយដែលអាចមានឈ្មោះថា «ទូរទស្សន៍ ព្រះអាទិត្យ» ក៏ជាលទ្ធផលមួយទៀត នៃ វប្បធម៌សន្ទនា បន្ទាប់ពីការបង្កើត គ.ជ.ប. ថ្មីមួយ ដែលយើងអាចជឿទុកចិត្តបាន ដើម្បីរៀបចំ ការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ ២០១៧ និង ២០១៨ ហើយបន្ទាប់ពីការដោះលែងពីពន្ធនាគារ នូវ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរ ចាប់យកទៅ ឃុំឃាំង ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នយោបាយផ្សេងៗ ក្រោយពីការបោះឆ្នោត ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣»៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP CNRP TV