CamNews

តារា 

លំ សុក្រិត លេចមុខ នៅក្នុងផលិតកម្ម Diamond Music

ភ្នំពេញ៖ ទីបំផុតអតីតតារាចម្រៀង ធ្លាប់មានឈ្មោះល្បីគួរសម ក្នុងផលិតកម្ម Rock លោក លំ សុក្រិត ពេលនេះ បានចេញមុខបំបែកភាពស្ងាត់ស្ងៀម របស់ខ្លួន ក្នុងទីផ្សារចម្រៀងវិញហើយ បន្ទាប់ពីតារាប្រុសរូបនេះ ឃ្លាតឆ្ងាយពីប្រិយមិត្តអ្នកគាំទ្រ អស់រយៈពេល ប្រមាណជាង២ឆ្នាំ ក្រោយផលិតកម្ម Rock សម្រេចបិទទ្វារ ផ្អាកផលិតបទចម្រៀង។

តាមការកត់សម្គាល់ លោក លំ សុក្រិត បានបាត់មុខអស់មួយខ្យល់ធំ ពីវិស័យចម្រៀង បន្ទាប់ពីផលិតកម្ម Rock ត្រូវបិទទ្វារផ្អាកចេញបទចម្រៀង កាលពីប៉ុន្មានឆ្នាំមុន ខណៈតារាចម្រៀងរួមដំបូលផ្សេងទៀត ស្ទុះស្ទារនាំគ្នា រត់រកទ្រនំថ្មីបន្តអាជីពចម្រៀង របស់ពួកគេរៀងៗខ្លួន។ ក្នុងនោះតារាចម្រៀង ខាន់ ជែមស៍ បានរសាត់មកទើរ លើផលិតកម្មសាន់ដេ ។ ចំណែកឯកញ្ញា សួស វីហ្សា និង កញ្ញា ផន នីដា បានរសាត់ ទៅដល់ផលិតកម្ម ហង្សមាស។

ត្បិតតែអតីតតារាចម្រៀង ផលិតកម្ម Rock លោក លំ សុក្រិត បានស្ងប់ស្ងាត់បាត់មុខ ពីសង្វៀនសិល្បៈ ចាប់តាំងពីពេលនោះក៏ពិតមែន ប៉ុន្តែរឿងដែលសំខាន់នោះ តារារូបនេះ មិនបានបាក់ទឹកចិត្ត និងបោះបង់ចោលឆ្នាំងចាស់នេះឡើយ។ ផ្ទុយមកវិញ សុក្រិត ក៏ខំប្រឹងស្វះស្វែងជាថ្មី រហូតរកបានទ្រនំជ្រកកោនឡើងវិញ គឺ ចូលច្រៀងឲ្យផលិតកម្ម Diamond Music។

ផ្តល់សម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤នេះ តា រាចម្រៀងចំណូលថ្មី របស់ផលិតកម្ម Diamond Music លោក លំ សុក្រិត បាននិយាយប្រាប់ថា លោកពិតជា បានចុះកិច្ច សន្យារយៈពេលពីរឆ្នាំ ច្រៀងនៅក្នុងផលិតកម្ម Diamond ។ ពេ លនេះលោក ក៏មានបទចម្រៀងចំនួន១០ បទត្រៀម នឹងចេញលក់ ក្នុងពេលឆាប់ៗខាងមុខនេះ។

តារាចម្រៀង លំ សុក្រិត បាននិយាយបន្តថា ក្នុងចំណោមបទចម្រៀងទាំង១០ របស់លោក គឺមានចំនួន៤ បទ គ្រោងនិងចេញលក់ក្នុងទីផ្សារ នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៤នេះ។ ៤បទក្នុងអាល់ប៊ុម វ៉ុល ១៧ មានដូចជា៖ បទ ទោះសល់ពេលខ្លី ក៏នៅស្រឡាញ់អូន, កុំចេះតែហ៊ានបែក, សង្សារគេហ្នឹង វាយ៉ាងមិច?និង បទ សុនីតា ដែលបទនេះ និងចាក់ក្នុងរឿងភាគ របស់ស្ថានីយន៍ទូរទស្សន៍ ប៉ុស្តិ៍CTN ចំណងជើង សុនីតា។

ជាមួយគ្នានេះ តារាចម្រៀង លំ សុក្រិត បានបង្ហាញជំនឿចិត្ត ចំពោះចម្រៀងថ្មីៗ ចំនួន៤ បទ ត្រៀមចេញលក់លើទីផ្សារ នាពេលខាងមុខនេះថា លោកសង្ឃឹមថា អាចមានអ្នកគាំទ្រឡើងវិញ ដូចពីមុនព្រោះ លោកជឿជាក់ថាកេរ្តិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈ បានដរាបណា មានបទល្អ និងទឹកដមសំឡេងពីរោះ។ ពិសេសមានបទចម្រៀង ចេញច្រើនលើទីផ្សារ ទើបមានភាពល្បីឈ្មោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh