CamNews

កីឡា 

FFC កំណត់យកស្ដាតចាស់ ធ្វើម្ចាស់ផ្ទះ វគ្គជម្រុះ World Cup ប៉ះម៉ាកាវថ្ងៃទី១២ មីនា

ភ្នំពេញ៖ ទីបំផុតលទ្ធផលផ្លូវការពីសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា (FFC) បានចេញហើយដោយសហព័ន្ធ បានសម្រេចជ្រើសយកពហុកីឡដ្ឋានកងយោធពល ខេមរភូមិន្ទ (ស្ដាតចាស់) ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជើង ទី១នៃវគ្គជម្រុះ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីរវាងក្រុម បាល់ទាត់ជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិម៉ាកាវនាថ្ងៃទី១២ ខែមីនាខាងមុខ ។

កាលពីល្ងាចថ្ងៃទី០៥ ខែមីនាម្សិលមិញនេះ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ កម្ពុជាលោក គល់ សុផាន់ណា រួមទាំងមន្ដ្រីជំនាញរបស់ FIFA បានចុះទៅត្រួតពិនិត្យស្ដាតចាស់ ជាលទ្ធផលមន្ដ្រីជំនាញទាំងនោះ ក៏សម្រេចជ្រើសរើសយកស្ដាតវ័យ ចំណាស់ជាងគេរបស់កម្ពុជានេះ ធ្វើជាទីលានសម្រាប់ការប្រកួតរវាងក្រុមកម្ពុជា និងម៉ាកាវតែម្ដង ព្រោះស្ដាតមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ទាំងកន្លែងអង្គុយទស្សនា និងគុណភាពស្មៅជាដើម ។

លោក សុខា រានាថ ត្រូវជាកូនប្រុសបង្កើតរបស់ ប្រធាន FFC គឺលោក សៅ សុខា នឹងជាមន្ដ្រីផ្នែកទីផ្សារផងនោះបានឲ្យដឹងដែរថា ការប្រកួតបើកឆាកវគ្គ ជម្រុះប្រចាំទ្វីបអាស៊ីនៃពានរង្វាន់បាល់ទាត់ពិភពលោករវាង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមម៉ាកាវនឹងចាប់ផ្ដើមប្រកួតចាប់ពីវេម៉ោង៤រសៀលតទៅនៅថ្ងៃទី១២ ខែមីនា ។ ការប្រកួតនេះនឹង មានការផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍បាយ័ន BTV ។

លោកបន្ដថា  ដើម្បីគាំទ្រក្រុមជម្រើសជាតិកម្ពុជាយើង លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គ្រប់រូបចូលរួមទស្សនា ឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជា ។ សម្រាប់ចូលរួមទស្សនាការប្រកួតគឺមានដូចជាសំបុត្រតម្លៃ ២០.០០០រៀល, ១៥.០០០រៀល, ១០.០០០រៀល និងតម្លៃ៤.០០០រៀល ហើយសំបុត្រគឺមានលក់ នៅការិយាល័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ពហុកីឡដ្ឋានជាតិ) និងនៅពហុកីឡដ្ឋានស្ដាតចាស់ផ្ទាល់តែម្ដង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia PP