CamNews

ព័ត៌មានជាតិ 

ក្រសួងអប់រំបំភ្លឺជុំវិញករណី អ្នកគ្រូចិត្តបុណ្យឈប់បង្រៀន មិនមែនមកការគំរាមជីវិតទេ

(ភ្នំពេញ)៖ ក្រសូងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីបំភ្លឺមួយជុំវិញរឿងរាវ នៃការចុះផ្សាយអត្ថបទ របស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលមានចំណងជើងថា «អ្នកគ្រូចិត្តបុណ្យឈប់បង្រៀន ព្រោះតែការគំរាមជីវិត»។

ក្រសួងអប់រំបានបញ្ជាក់ថា តាមការបំភ្លឺរបស់លោក នាយកសាលាស្រុកបាណន់ និងក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា អ្នកគ្រូ ញាណ ប៊ុនសុជាតា ជាគ្រូបង្រៀនកម្រិតបឋមសិក្សា បង្រៀននៅសាលាបឋមសិក្សាកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានអវត្តមានដោយគ្មានមូលហេតុ អស់រយៈពេលជិត៣ខែកន្លងមកហើយ។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នំា២០១៦ វេលាម៉ោង៣៖១៥នាទីរសៀលអ្នកគ្រូ ញាណ ប៊ុនសុជាតា បានមកបំភ្លឺជុំវិញករណីនេះ នៅមន្ទីអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ដោយអ្នកគ្រូទទួលស្គាល់ថា ខ្លួនពិតជាអសកម្ម ការងារមែន ចាប់តាំងពីខែ មេសា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ដោយសារអ្នកគ្រូ មានបញ្ហាសុខភាព និងមានមុខរបរទី២ ជាហេតុដែលបណ្ដាលឲ្យគាត់ មិនអាចទៅបំពេញការងារឲ្យបានទៀងទាត់ ដូចច្នេះហើយអ្នកគ្រូក៏បានសម្រេចចិត្ត ដាក់ពាក្យសុំនៅ ទំនេរគ្មានបៀវត្សរយៈពេល១ឆ្នាំ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០១៦នេះតទៅ។

ក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ទៀតថា ការអវត្តមានរបស់អ្នកគ្រូ ញាណ ប៊ុនសុជាតា គឺដោយសាបញ្ហាសុខភាពផ្ទាល់ខ្លួន និងការជាប់រវល់ប្រកបមុខរបរទី២ មិនមែនដោយសារការគំរាមជីវិតដូចការចុះផ្សាយនោះទេ៕


ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh