ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤នេះ បានចាប់ផ្តើមបោះពុម្ពលទ្ធផល ប្រឡងទុតិយភូមិ (បាក់ឌុប) លើកទី២ហើយ ហើយលទ្ធផលនេះ ក៏នឹងត្រូវចេញផ្សាយតាមទំព័រហ្វេសប៊ុកនាវេលា ម៉ោង ៤រសៀលថ្ងៃនេះផងដែរ។ តែលទ្ធផលនៅរសៀលថ្ងៃនេះ គឺមានតែនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ប៉ុណ្ណោះ រីឯតាមបណ្តាខេត្តនឹងផ្សាយបន្តនៅថ្ងៃទី១ ខែវិច្ឆិកា។
មុននឹងបោះពុម្ពលទ្ធផលប្រឡង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង្ស ជួនណារ៉ុង បានបើកកិច្ចប្រជុំ មួយ ណែនាំដល់មន្រ្តីក្រសួងអប់រំ អ្នកសង្កេតការណ៍ អ.ប.ព. សមាជិកគណៈកម្មការគ្រប់គ្រងទិន្នន័យផងដែរ។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ ដែលបានចេញផ្សាយនាព្រឹកនេះ បានឲ្យដឹងអំឡុងពេលនៃការបោះពុម្ព លទ្ធ ក្រុមការងារក្រសួងអប់រំ មិនត្រូវបានអនុញ្ញាតឲ្យប្រើទូរស័ព្ទឡើយ ហើយសមាជិកទាំងអស់ មិនត្រូវបាន អនុញ្ញាតឲ្យចេញពីបន្ទប់នោះទេ។
លទ្ធផលប្រឡងបាក់ឌុបលើកទី២ ទោះបីមានផ្តល់ការសិក្សាបំប៉នរហូតដល់ទៅជាងមួយខែយ៉ាងណាក្តី តែបើតាម ការបញ្ជាក់ពីប្រភពនានា បេក្ខជនជាច្រើន នៅតែមិនអាចបំពេញចម្លើយលើសន្លឹកវិញ្ញាសារបានល្អដដែល។ ពោល លទ្ធផល នៃការប្រឡងត្រូវបានគេមើលឃើញថា បេក្ខជនដែលជាប់អាចមានចំនួនតិចតួច។
សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងលើកទី២ មានចំនួនជិត ៧ម៉ឺននាក់ ជាបេក្ខជន ដែលបានបរាជ័យនៅក្នុងការ ប្រឡងលើកទី១ ក្រោមកំណែទម្រង់ដ៏ស៊ីជម្រៅរបស់ លោក ហង់ ជួនណារ៉ុន។
ការប្រឡងលើកទី២នេះ មន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា មានបេក្ខជនរហូតដល់ជាង ១ម៉ឺននាក់ បានបោះបង់ការ ប្រឡង៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល