CamNews

ព័ត៌មានជាតិ 

បាញ់ប្លន់ អាជីវករលក់មាស នៅផ្សារព្រៃខ្មែរ ស្លាប់ម្នាក់

កំពង់ឆ្នាំង៖ ក្រុមចោរប្លន់មានគ្នា ៣នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកំាភ្លើងខ្លី បានធ្វើសកម្មភាពបាញ់ប្លន់អាជីវករលក់មាស និងគ្រឿងអលង្ការ នៅផ្សារព្រៃខ្មែរ ក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យជនរងគ្រោះជាកូនម្ចាស់ផ្ទះម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯនារីម្នាក់ទៀត សង្ស័យ​ជាប្អូនស្រី រងរបួសធ្ងន់។ សកម្មភាពប្លន់ប្រដាប់អាវុធ ដ៏សាហាវខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃខ្មែរ កាលពីវេលាម៉ោង ប្រមាណ ៥និង២០នាទី ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ ប្រាក់ វុទ្ធី បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង ខណៈដែលជនរងគ្រោះ កំពុងធ្វើដំណើរចេញពីតូប លក់ក្នុងផ្សារ មកកាន់ផ្ទះ របស់ខ្លួននៅម្ខាងផ្លូវ ដោយកាន់ស្បោងមាស ពេលនោះក៏លេចមុខជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី មកធ្វើ សកម្មភាពប្លន់ និងបាញ់ រួចឆក់យកកាបូបដាក់គ្រឿង អលង្ការនិងមាសជិះគេចខ្លួន តាមផ្លូវលំក្រាលកៅស៊ូ នៅខាងលិចផ្លូវបាត់ទៅ ។

លោកស្នងការបានបញ្ជាក់ថា អំពើប្លន់ប្រដាប់អាវុធនេះ បានបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ហើយពេលនេះកម្លាំងនគរបាលជំនាញ របស់លោក បាននិងកំពុងធ្វើការតាមដាន និងស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត។

អាជីវករលក់ដូរនៅផ្សារព្រៃខ្មែរ បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលចោរបាញ់ស្លាប់នេះឈ្មោះ រដ្ឋា អាយុប្រមាណ ៣០ឆ្នាំ រីឯនារីរងរបួស សង្ស័យនាង បូរិន ជាប្អូនស្រីរបស់ខ្លួន ។

សូមបញ្ជាក់ថា ជនរងគ្រោះនិងបងប្អូនពីរនាក់ផ្សេងទៀត រួមជាមួយម្តាយរបស់ខ្លួន អ្នកស្រី សុខ បានរកស៊ីលក់មាស និងគ្រឿងអលង្ការ នៅផ្សារព្រៃខ្មែរដ៏ធំ និងជាយូរណាស់មកហើយ តាំងពីប្តីរបស់ខ្លួននៅរស់ មិន​ដែលមានសកម្មភាពបាញ់ប្លន់ដ៏សាហាវកើតឡើងឡើយ អាចនិយាយថា គឺជាលើកទី១ សម្រាប់ ហេតុការណ៍នេះ ៕




ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Kampong Chnang