CamNews

ព័ត៌មានជាតិ 

មូលហេតុសំខាន់ៗ នៃការពន្យា ពេលផ្លាស់ប្ដូរស្មៅ សិប្បនិម្មិតស្ដាតអូឡាំពិក

ភ្នំពេញ៖ ពេលនេះទីលានពហុកីឡដ្ឋាន ជាតិអូឡាំពិក កំពុងត្រូវបានក្រុមហ៊ុន CC-Grass ដាក់គ្រឿងចាក់ឈូស ឆាយស្មៅធម្មជាតិចេញហើយ ដើម្បីផ្លាស់ប្ដូរ ដាក់ស្មៅសិប្បនិម្មិត ជំនួសវិញ បន្ទាប់ពីពន្យាពេលចំនួន ២លើករួចមក ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានថ្លែងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមេសាកន្លងទៅនេះ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំកាយ និងកីឡា និងលោក សៅ សុខា ប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានជួបប្រជុំជាមួយគ្នាស្ដីពី ការជុសជុលស្ដាតអូឡាំពិក ដោយប្ដូរស្មៅសិប្បនិម្មិតជំនួសវិញ ។ កិច្ចប្រជុំនោះ ត្រូវបាន ថ្នាក់ដឹកនាំក្រសួង និងប្រធានសហព័ន្ធ សម្រេចរៀបចំផែនការជួសជុលនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៤ ប៉ុន្ដែដោយការរៀបចំឯកសារយូរនោះ លោក សៅ សុខា ក៏បានពន្យាការជួសជុលរហូតដល់ចុងខែតុលាវិញ បន្ទាប់ពីលោកបានយកឯកសារស្ដីពីផែនការជួសជុល និងប្ដូរស្មៅ ស្ដាតអូឡាំពិក ទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ FIFA នោះ ។

លោកបន្ដថា “តាមពិតទៅបើតាមគម្រោងច្បាស់លាស់ ស្ដាតអូឡាំពិត ត្រូវប្ដូរស្មៅសិប្បនិម្មិតតាំងពីចុងខែតុលាមកម្ល៉េះ បន្ទាប់ពីនាយឧត្តមនីយ៍ សៅ សុខា លោកបានចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) ស្ដីពីការផ្ដល់ជំនួយរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ដាតអូឡាំពិក ។ ប៉ុន្ដែដោយការរៀបចំផែនការ និងឯកសារ ត្រូវប្រើរយៈពេលយូរនោះ ក្រសួង ក៏ដូចជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពជាយើងមិនអាចដំណើរការជុសជុលបានភ្លាមៗទេ ព្រោះយើងត្រូវរៀបចំការជួសជុលនោះឲ្យមានប្រសិទ្ធភាព និងប្រើប្រាស់ទៅឲ្យស្របទៅតាមលក្ខណៈបច្ចេកទេស FIFA” ។

អគ្គនាយកដ្ឋានរូបនេះបានបញ្ជាក់ទៀតថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងថ្នាក់ដឹកនាំកីឡាកម្ពុជា និង FIFA នោះ យើងក៏បានសម្រេចជ្រើសរើស យកក្រុមហ៊ុន CC-Grass ដើម្បីមកធ្វើការជួសជុល និងប្ដូរស្មៅសិប្បនិម្មិត នៅលើផ្ទៃនៃ ទីលានពហុកីឡដ្ឋានជាតិតែម្ដង ប៉ុន្ដែការជួសជុលនេះ មិនបានអនុវត្តន៍មានការគ្រោងទុកនៅចុងខែតុលានោះទេ ពោលគឺការជួសជុល ទើបនឹងចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះទេ ។

លោក អ៊ុក សិទ្ធិជាតិ ដែលជាមេកីឡាដ៏មានសក្ដានុពល ក្នុងប្រទេសកម្ពុជា បានបន្ថែមថា “ការជួសជុលយើងមិនអាចអនុវត្តន៍តាមការគ្រោងទុកទេ ដោយសារសហព័ន្ធ និងក្រុមហ៊ុន CC-Grass ត្រូវរៀបចំផែនការជួសជុល មួយដំណាក់កាលម្ដងៗ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាយើង ក៏ដូចជារៀបចំនីតិវិធីសាងសង់ផងដែរ ។ ប៉ុន្ដែក្រោមការផ្ដួចផ្ដើមគំនិតពីនាយឧត្តមនីយ៍ សៅ សុខា និងឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ទើបការជួសជុលបានចាប់ផ្ដើមកាលពី ថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ ហើយគ្រោងនឹងបញ្ចប់គម្រោង ជួសជុលវិញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ដោយគ្រោងនឹងចំណាយ ទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ” ។

លោកបន្ដថា តាមការប្រជុំពិភាក្សាកន្លងមក ថ្នាក់ដឹកនាំក្រសួង និងប្រធានសហព័ន្ធ យល់ឃើញថា ការផ្លាស់ប្ដូរស្មៅសិប្បនិម្មិត ជំនួសស្មៅធម្មជាតិនេះ គឺជាសេចក្ដីត្រូវការដ៏សំខាន់ សម្រាប់វិស័យកីឡាបាល់ទាត់ លើពិភពលោក ជាពិសេសគឺកម្ពុជាយើង ដែលមានទីលានបាល់ទាត់ តិចនៅឡើយ ។ មិនត្រឹមតែប៉ុណ្ណោះក្រសួង ក៏ត្រៀមរៀបចំទីលានអត្តពលកម្ម នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិផងដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ក្រុមកីឡាអត្តពលកម្មកម្ពុជាយើង ប៉ុន្ដែការចំណាយលើការសាងសង់ ទីលានកីឡាអត្តពលកម្មនេះ គឺជាការចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលពេលនេះលោក ហង់ ជួនណារ៉ុន បានស្នើសុំថវិកាសាងសង់ ទៅរាជរដ្ឋាភិបាលរួចហើយ ។ យោងតាមសកម្មភាពបែបនេះលោក អ៊ុក សិទ្ធិជាតិ យល់ថា វិស័យកីឡាបាល់ទាត់កម្ពុជា នឹងមានការរីកចម្រើនខ្លាំងនៅថ្ងៃអនាគតជាមិនខាន ៕



ផ្ដល់សិទ្ធិដោយ៖ looking today


Tags: Social News Cambodia PP