CamNews

ព័ត៌មានជាតិ 

ស្រីស្អាតម្នាក់ ជិះម៉ូតូលឿន ដួលបោកក្បាល ទៅនឹងឃឿន សួនច្បារ បណ្តាលឲ្យបែកក្បាល ស្លាប់ភ្លាមៗ

ភ្នំពេញ៖ នារីម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងឃឿនសួនច្បារ បោកក្បាលទៅនឹងថ្នល់ អូសជាង ៣០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអធម ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២៣និង២០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅចំណុចមុខបុរីពិភពថ្មី តាមបណ្តោយផ្លូវជាតិ លេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ បាត់ សាន់ឈុន ភេទស្រី អាយុ២៤ ឆ្នាំ មុខរបរលក់អីវ៉ាន់ ស្នាក់នៅផ្ទះលេខ ១៦៩២ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី៣២ ខណ្ឌឫស្សីកែវ  ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AN-1369 ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូស្កុបពី ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់ តែរ៉េចង្កូត ទៅបុកឃឿន ដួលទៅនឹងថ្នល់ ហើយបោកខ្ទប់ទៅនឹងសួនច្បារបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ធ្វើការទំនាក់ទំនងហៅក្រុមគ្រួសារ មកដល់កន្លែង កើតហេតុ ។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP