CamNews

ព័ត៌មានជាតិ 

គ.ជ.ប បំផ្លាញសន្លឹកឆ្នោត ជាង ២០លានសន្លឹក

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបំផ្លាញសន្លឹកឆ្នោត ដែល បានប្រើប្រាស់រួច ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ឆ្នាំ២០០៨ និងសន្លឹកឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ សរុបចំនួន ២០.៩៩២.៥០៤សន្លឹក ស្មើនឹង៣៤.៩៨២កញ្ចប់ ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោតនៅរោងពុម្ព លីវ៉ានហុង ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

លោកបន្តថា តាមច្បាប់ស្តីពីការបោះឆ្នោត គ.ជ.ប ត្រូវធ្វើការបំផ្លាញ សន្លឹកឆ្នោតទាំងអស់ ដែលបានប្រើ ប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តតាម អាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុក ប្រកប ដោយសុវត្ថិភាព ក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតហើយតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរៀបចំទុកដាក់ ឲ្យមានសុវត្ថិភាព ក្នុងរយៈ ពេល ២ឆ្នាំចាប់ពីថ្ងៃបោះឆ្នោត ។

លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានមានប្រសាសន៍ ក្នុងពិធីបំផ្លាញសន្លឹកឆ្នោតនោះថា ដោយមើល ឃើញ នូវតម្រូវការផ្នែកច្បាប់ និងស្ថានភាពចាំបាច់ របស់ឃ្លាំងដែលនឹងត្រូវរក្សាទុកសន្លឹកឆ្នោត នឹង សម្ភារៈបម្រើឲ្យការបោះឆ្នោតខាងមុខទៀត គ.ជ.ប បានសម្រេច បង្កើតគណៈកម្មការមួយ ដើម្បីដឹកនាំ ចាត់ចែងការបំផ្លាញសន្លឹកឆ្នោតនេះឡើង ។

លោកបានបញ្ជាក់ថា ពិធីបំផ្លាញនេះ មិនមែនជាការងារថ្មីដែល គ.ជ.ប ទើបតែអនុវត្តនោះទេ កន្លងមក ធ្លាប់បានធ្វើពិធីនេះចំនួន ២លើករួចមកហើយ លើកទី១សន្លឹកឆ្នោតប្រើប្រាស់រួច នៅឆ្នាំ១៩៩៨ និង ២០០២ ហើយការដុតបំផ្លាញនាពេលនោះ គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៥ ។ លើកទី២ ដុតកម្ទេច សន្លឹកឆ្នោតប្រើប្រាស់រួច នៅឆ្នាំ២០០៣ និង២០០៧ គឺដុតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩ ដោយ ផ្លាស់ប្តូរនីតិវិធី នៃការបំផ្លាញពីការដុតកម្ទេច មកការកាត់ចិញ្រ្ចាំជំនួសវិញ។ ចំណែកការបំផ្លាញលើក ទី៣នេះ ក៏ធ្វើឡើងដោយការកាត់ចិញ្ច្រាំដូចមុនដែរ ។

សន្លឹកឆ្នោត ដែលប្រើប្រាស់រួច ក្នុងឆ្នាំ២០១២ មានចំនួន១០ .៥៣៨ .២៦០សន្លឹក ស្មើនឹង១៨.១០៧ កញ្ចប់ ៕



អាន៖ គ.ជ.ប នឹងបំផ្លាញសន្លឹកឆ្នោត ដែលប្រើរួច ឆ្នាំ២០០៨ និង២០១២ នៅថ្ងៃទី២៤ ខែតុលា

 


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP National Election Committee