CamNews

ព័ត៌មានជាតិ 

នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ តាមចាប់ជនសង្ស័យ គាស់ទ្វារគុក ខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ មុខសញ្ញាលួច ដ៏សកម្មម្នាក់ ដែលបានគាស់ទ្វារ មន្ទីរឃុំឃាំង របស់អធិការ ដ្ឋាននគរបាល ខណ្ឌឫស្សីកែវ រត់គេចខ្លួន កាលពីអំឡុងឆ្នាំ២០១៤ កន្លងទៅនោះ ត្រូវបាននគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ។

មន្ដ្រីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទរូបនេះ ត្រូវបាន ចាប់ខ្លួន កាលពីវេលា ម៉ោង៧និង៣០នាទី យប់ថ្ងៃទី០២ ខែមីនា ស្ថិតនៅចំណុចជិតវិហារចាម ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដទៀតថា ការឃាត់ខ្លួន មុខសញ្ញាខាងលើនេះ បានធ្វើឡើងដោយ យោងតាមដីកាបញ្ជា ឱ្យចាប់ខ្លួន ពីសំណាក់លោក លាង សំណាត់ ចៅក្រមស៊ើបសួរ រាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ជនសង្ស័យត្រូវបាន នគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួន រួចហើយយកទៅឃុំ នៅមន្ទីរឃុំឃាំង នៃអធិការដ្ឋាន នគរបាលខណ្ឌ ក្រោយពីធ្វើសកម្មភាពលួចទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋ ។

ពេលត្រូវបានឃុំខ្លួន នៅមន្ទីរឃុំឃាំងនោះ ស្រាប់តែជននេះរួមជាមួយបក្ខពួកបានរួមគ្នា អារចំរឹងដែក រត់គេចខ្លួន ។

ក្រោយមានហេតុការណ៍ ខាងលើនេះ កើតឡើង ស្នងការនគរបាល រាជធានីភ្នំពេញ និងស្នងការរង នគរបាល ទទួលផែនព្រហ្មទណ្ឌ លោក ជួន ណារិន្ទ បានបញ្ជា ឲ្យុការិយាល័យជំនាញ តាមធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនត្រឡប់មកវិញ ។

បើមន្រ្តី នគរបាល បានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ កែវ វិចិត្រ ហៅ វៀត កែវ ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅចំណុចវិហារចាម។

ក្រោយការ ចាប់ខ្លួន នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ នគរបាល បាននិងកំពុងកសាង សំណុំរឿង បញ្ជូនទៅ កាន់តុលាការចាត់ការ តាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP