CamNews

ព័ត៌មានជាតិ 

JICA នាំក្រុមអ្នកកាសែត ទៅទស្សនាស្ពានអ្នកលឿង (មានវីដេអូ)

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិ នៃប្រទេស ជប៉ុន(JICA) នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នា២០១៤នេះ បានដឹកនាំក្រុមសារព័ត៌មាន មកពីស្ថាប័នជាច្រើនទៅទស្សនាស្ពានអ្នកលឿង ក្នុងខេត្តព្រៃវែង ដែលគ្រោងបញ្ចប់ ការសាងសង់នៅអំឡុងដើមឆ្នាំ២០១៥ នេះ។

ក្រុមអ្នកកាសែតបានមកជួបជុំគ្នានៅតាមបណ្តោយផ្លូវព្រះនរោត្តម នៅទល់មុខធនាគាហ្វីលីប នាម៉ោង ៧ព្រឹក ដើម្បីចេញដំណើរទៅខេត្តព្រៃវែង ក្នុងរយៈពេល១ថ្ងៃ។

ស្ពានអ្នកលឿង ដែលឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ នេះ កំពុងត្រូវបានសាងសង់ ក្រោមជំនួយឥតសំណងរបស់ជប៉ុន ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នៅខែមិនា ឆ្នាំ២០១៥។ បូករួម ទាំងស្ពានអ្នកលឿង ជំនួយឥតសំណងរបស់ជប៉ុនផ្តល់មកកម្ពុជា សម្រាប់គម្រោងជួសជុលផ្លូវជាតិលេខ១នេះ មានទឹកប្រាក់សរុបទាំងអស់ ប្រហែលជា ២២១លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ស្ពានអ្នកលឿង ដែលមានប្រវែង សរុបចំនួន ២.២២០ ម៉ែត្រ ទទឹងប្រវែង ១៣ម៉ែត្រ និងមាន កម្ពស់ផុតពីផ្ទៃទឹកនៅរដូវវស្សា ៣៧,៥ ម៉ែត្រ ក្លាយជាស្ពានវែងជាងគេ និងជាស្ពានយោងប្រើខ្សែកាបទី១ នៅ កម្ពុជាផងដែរ ដែលការចំណាយលើការសាងសង់ជាង ៩០លានដុល្លារ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល ជប៉ុន។

តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុចា នឹងអញ្ជើញចាក់បេតុង ភ្ជាប់ស្ពាននៅពាក់កណ្តាលខែមករា ឆ្នាំ២០១៥៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP