ព័ត៌មានកីឡា៖ Mohamed Salah វ័យ ២២ ដែលត្រូវ Chelsea ផ្ទេរជើង ទៅកាន់ក្លឹប Fiorentina ក្នុងទឹកដីអ៊ីតាលីកាលពីដើមឆ្នាំ ២០១៥ បានផ្លាស់ប្ដូរមុខមាត់ថ្មី អូសទាញចំណីអារម្មណ៍របស់ អ្នកគាំទ្រ មិនចាញ់ Ronaldo និង Messi ឡើយខណៈដែលកីឡាករ ទើបតែចាប់ផ្ដើមការប្រយុទ្ធជាមួយក្រុមថ្មីតែ ៧ ប្រកួតសោះ អាចរកពិន្ទុ បានដល់ទៅ ៦ គ្រាប់ ។
ស្ទើតែមិននឹកស្មានដល់ ក្រោយពីមានការអះអាងរបស់ គេហទំព័រកីឡាអន្ដរជាតិមួយបានលើកឡើងថា អតីតខ្សែស្លាប របស់ក្រុម Chelsea ដែលបានផ្ទេរជើងទៅកាន់ទឹកដី អ៊ីតាលី ក្នុងលក្ខខណ្ឌកិច្ចកុងត្រាខ្ចីជើង បានធ្វើឲ្យកក្រើក ផ្ទុះឡើង នូវប្រជាប្រិយភាព ខណៈដែលកីឡាករទើបតែ ព្រលែងខ្លួនជាមួយក្រុមថ្មីក្នុងរយៈពេលខ្លីទើបតែ ៧ ប្រកួតប៉ុណ្ណោះតែ អាចរកបានពិន្ទុ ដល់ទៅ ៦ ទៅហើយ ហើយបើគិតទៅដល់ រយៈពេល ក្នុងក្រុមចាស់ កីឡាករបានរកពិន្ទុជូនក្រុមតែ ២ គ្រាប់ ក្នុង ១៣ ប្រកួត ។
ទន្ទឹមនឹងការមើលឃើញដូចនោះផងដែរ មិនយូរប៉ុន្មាន ក៏ស្រាប់តែមានការងឿងឆ្ងល់កើតឡើងជាបន្ដបន្ទាប់ ពីមូលហេតុដែល Chelsea សម្រេចចិត្ដផ្ទេរ កីឡាករម្នាក់នេះចេញ ដោយឡែក កន្លងមក បើស្ទាបស្ទង់មើលការលេងរបស់កីឡាករ មិនជាអន់ទេ ។
Mohamed Salah បានបង្គ្រប់គ្រាប់ទី ៦ របស់កីឡាករកាលពីយប់មិញ ប៉ះជាមួយ Juventus ក្នុងលទ្ធផលជោគជ័យ ពិន្ទុ ២ ទល់នឹង ១ ក្នុងវគ្គកួតជម្រុះផ្ដាច់ព្រ័ត្រជើងទី ១ នៃពានរង្វាន់រដូវកាល Coppa Italia ដែលធ្វើឡើង ក្នុងទីក្រុង Turin ។
គូសបញ្ជាក់ឲ្យដឹងផងដែរថា កីឡាករ បានត្រូវស្ថិតក្នុងការសង្កេតយ៉ាងចាប់អារម្មណ៍ពី បណ្ដាអ្នកគាំទ្រក្នុងប្រទេសអ៊ីតាលី ក្រោយពីមានការប្រែប្រួលជាបន្ដបន្ទាប់ រាលការប្រកួត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals