CamNews

ព័ត៌មានជាតិ 

ករណីខ្ចប់កាដូ គ្រាប់បែក ជូនម្ចាស់ហាង ព្រីមកាហ្វេ ផ្តើមចេញពីការ គំរាមទារលុយ ៥០០០ដុល្លារ មិនបានសម្រេច

-បុរសអតីតមេការម្នាក់ ត្រូវឃាត់ខ្លួនសួរនាំ តែមិនជាប់ពាក់ព័ន្ឋ

ភ្នំពេញ : ករណីខ្ចប់កាដូគ្រាប់ បែកផ្លែទៀប ជូនម្ចាស់ហាង ព្រីមកាហ្វេ ស្ថិតនៅតាមផ្លូវ លេខ៣១៥ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃម្សិលមិញ ត្រូវបានសមត្ថកិច្ច បង្ហើបអោយដឹងថា ផ្តើមចេញពីការ ជំរិតទារលុយ៥០០០ដុល្លារមិនបានសម្រេច ។

ជាមួយគ្នានេះ បុរសអតីត មេការម្នាក់ នៅក្នុងហាង កាហ្វេ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន ដោយមុនដំបូង សង្ស័យថា អាចជាប់ពាក់ព័ន្ឋ ព្រោះទើបឈប់ពីការងារ បាន១០ថ្ងៃ ប៉ុន្តែក្រោយការ ជជីកសួរនាំរហូតទៅដល់ ការឡោម និងឆែកឆេរផ្ទះ ស្ថិតនៅតាមផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ នៅតែមិនទាន់អាចរកឃើញ និងបញ្ជាក់ពិតប្រាកដថា មេការរូបនេះ ជាអ្នកប្រព្រឹត្ត ឡើយ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញមួយរូប បាននិយាយថា នៅវេលាម៉ោង ប្រមាណ១០ និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ មានជនមិនស្គាល់មុខ បានទូរស័ព្ទមកហាងកាហ្វេ ដោយជំរិតទារប្រាក់ ៥០០០ដុល្លារ ដែលសកម្មភាពដដែលនេះ បានកើតឡើង ខណ:ដែលអតីតមេការ កំពុងត្រូវបានឃាត់ខ្លួន ដូច្នេះអាចមិនជាប់ពាក់ព័ន្ឋ នោះឡើយ ។

បុរសមេការរូបនេះ ត្រូវបាន មន្ត្រីអាវុធហត្ថប្រាប់ថា មានឈ្មោះ សុខ កក្កដា អាយុ ២៧ឆ្នាំ ។

យ៉ាងណាក៏ដោយ ករណីខាង លើនេះ ស្ថិតក្រោមការសើុបអង្កេត យ៉ាងយកចិត្តទុកដាក់ ពីសមត្ថកិច្ចទាំង នគរបាល និងអាវុធហត្ថ ដើម្បីតាមចាប់ ជនជំរិតទារលុយតាមទូរស័ព្ទ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលពីវេលា ម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃ សៅរ៍ ទី២៦ ខែកក្កដា មានជនមិនស្គាល់មុខ បានខ្ចប់ គ្រាប់បែកប្រភេទក្រឡាទៀប មួយគ្រាប់ ឱ្យសន្តិសុខ យកទៅជូនម្ចាស់ហាងព្រីម កាហ្វេ ដែលមានទីតាំង ចំណុច ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក បង្កឱ្យមានការភ្ញាក់ផ្អើល ពេញហាង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រាប់បែកនេះ មានសភាពចាស់ពុកផុយ ដោយមិនមានក្រវិល នោះទេ ហើយត្រូវបាន ជនមិនស្គាល់មុខ យកមកឱ្យសន្តិសុខម្នាក់ឈ្មោះ សឿន ប៊ុនធឿន យកទៅឱ្យម្ចាស់ហាង ព្រីមកាហ្វេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news