CamNews

តារា 

ម៉ាក សែនសូនីតា ឆក់បាន ឱកាសតួឯកឡើងវិញ

ភ្នំពេញ៖ កំពូលតារាសម្ដែងស្រីរាងស្អាត សមជានារីខ្មែរ កញ្ញា ម៉ាក សែនសូនីតា មួយរយៈពេលចុងក្រោយនេះ ត្រូវបានមហាជន មើលឃើញថា ហាក់ឃ្លាតឆ្ងាយពីការងារ សម្ដែងភាពយន្ត និងថតខារ៉ាអូខេ ជាដើម ជាហេតុធ្វើឲ្យប្រជាប្រិយភាព របស់នាង ធ្លាក់ស្រកស្រុត គួរឲ្យព្រួយបារម្ភ។ ចាប់តាំងពីអ្នកស្រី ពាន់ ភួងបុប្ផា ដើរចេញពី CTN ដែលជាអ្នកជួយជ្រោមជ្រែងឲ្យ ម៉ាក សែនសូនីតា មានឈ្មោះល្បីមកដល់សព្វថ្ងៃនេះ ក្នុងរឿងភាគដែលបានដាក់បញ្ចាំងជាច្រើនក្នុងស្ថានីយទូរទស្សន៍មួយនេះ ក៏គ្មានវត្តមាន សូនីតា សម្ដែងទៀតឡើយ ។

កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ទទួលស្គាល់ថា មួយរយៈចុងក្រោយនេះ សន្ទុះនៃការគាំទ្ររបស់នាង មានការប្រែប្រួល ដោយសារតែមិនសូវបាន បង្ហាញខ្លួន តាមរឿងភាគលើកញ្ចក់ ទូរទស្សន៍នានា ដូចពេលមុន។ តែនាងក៏មិនសូវភ័យព្រួយ ពីប្រជាប្រិយភាពដែរ ព្រោះតែនាងត្រូវបានមហាជន ចាត់ទុកថា ជាតារាសម្ដែងជួរមុខ ។ ប៉ុន្តែថ្មីៗនេះ ម៉ាក សែនសូនីតា ចង់ប្រាប់មហាជនឲ្យដឹងថា នាងបានវិលត្រឡប់មកបម្រើ ទស្សនិកជនម្តងទៀត តាមរយៈការឆក់បានឱកាស សម្ដែងរឿងខ្មោច ខ្នាតធំរបស់ផលិតកម្មរ៉ក់ ។

ម៉ាក សែនសូនីតា ត្រូវបានអ្នកដឹកនាំសម្តែង ជ្រើសឲ្យគ្រងតំណែង ជាតួឯកលើកដំបូង ជាមួយនាយក្រូច ដែលជាអ្នកកំប្លែងដ៏ល្បីល្បាញ ប្រចាំស្ថានីយទូរទស្សន៍ CTN ដែលជារឿងខ្មោច បង្កប់ទៅដោយសាច់បែបកំប្លែង លាយឡំនឹង ភាពរន្ធត់ ព្រឺព្រួច និងជាឱកាសធ្វើឲ្យ ប្រជាប្រិយភាព ម៉ាក សែនសូនីតា កំរើកឡើងវិញ ៕

ផ្ដល់សិទ្ធដោយ៖ Looking Today


Tags: Star News,  Cambodia,  Mak Sensonita